(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានបើកទ្វារចរចាជាមួយ​កូរ៉េខាងជើង ដោយថែមទាំង​ព្រលយ​មួយឃ្លាទៀតថា កិច្ចចរចាធ្វើ ឬមិនធ្វើឡើង គឺអាស្រ័យ​លើកូរ៉េខាងជើង​ ដែលគិតថាពេលណាពួកគេត្រៀមខ្លួន​រួចរាល់។ នេះបើតាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់ នៅ​រសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០១៨។

លោក ធីល្លឺសុន ធ្វើការកត់សម្គាល់​បែបនេះ ​នៅក្នុងសន្និសីទ​សារព័ត៌មាន ជាមួយសមាភាគី​អេហ្ស៊ីបរបស់​លោក កាលពី​ថ្ងៃចន្ទ អំឡុងពេលលោក​បំពេញទស្សនកិច្ចនៅឯទីក្រុងគែរ​ប្រទេស​អេហ្ស៊ីប។​ ថ្លែងនាឱកាស​នោះដែរ ប្រមុខការទូតអាមេរិក​រូបនេះ បានគូសបញ្ជាក់​ដូច្នេះថា «ជុំវិញការ​អត្ថាធិប្បាយ​របស់លោក​អនុប្រធានាធិបតី ម៉ៃក៍ ភែន (Mike Pence) ពាក់ព័ន្ធនឹង​កិច្ចចរចា... ខ្ញុំគិតថាវាដូចជា លឿនពេកក្នុងការវិនិច្ឆ័យ។ ប៉ុន្តែយើងក៏ធ្លាប់​បានបញ្ជាក់​ហើយដែរថា រឿងចរចា​គឺវាអាស្រ័យលើកូរ៉េខាងជើង​ថា តើពួកគេត្រៀមខ្លួនរួច ឬនៅដើម្បីចូលរួម​ក្នុងកិច្ចសន្ទនា ​ដោយស្មោះត្រង់​ជាមួយយើង»

ទោះជា​យ៉ាងនេះក្ដី លោក ធីល្លឺសុន ហាក់ដូចជា​ប្រាប់ដោយប្រយោលថា ​កិច្ចចរចា​អាចធ្វើ​ឡើង ទាល់តែ​កូរ៉េខាងជើង បោះចោល​អាវុធនុយក្លេអ៊ែរ​ជាមុនសិន។ «កូរ៉េខាងជើង​ដឹងយ៉ាងច្បាស់​ថា តើប្រធានបទ​អ្វីនឹងត្រូវយក​មកដាក់​លើតុចរចា»។ នេះបើតាម​លោក រិច ធីល្លឺសុន ដោយចង់សំដៅ​លើការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើ​ឧបទ្វីប​កូរ៉េ។

គួររំលឹកថា កាលពី​ថ្ងៃសៅរ៍ កន្លងទៅ អនុប្រធានាធិបតី​អាមេរិក លោក Mike Pence ក៏បានលើកឡើង​ពីលទ្ធភាព នៃកិច្ចសន្ទនា​ជាមួយកូរ៉េខាងជើង​ផងដែរ។ ប៉ុន្តែទន្ទឹមគ្នា លោកនៅ​តែអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត​របស់ខ្លួន នៅតែបន្តដាក់​សម្ពាធ និងទណ្ឌកម្ម រហូតដល់​ទីក្រុងព្យុងយ៉ាង​ព្រមបោះបង់​ចោល​អាវុធនុយក្លេអ៊ែរ​ ដោយចិត្តស្មោះ៕