(វ៉ាស៊ីនតោន)៖ កូនប្រសារស្រីរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកនាង វេណែស្សា ត្រាំ​ (Vanessa Trump) ត្រូវបាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពី​នាងបានបើកមើលសំបុត្រមួយ​ ផ្ទុកដោយម្សៅ​ពណ៌ស ដែលគេផ្ញើឱ្យប្ដី​របស់ខ្លួន។ នេះបើតាម​ការចេញ​ផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយនៅ​ក្នុងស្រុក សំបុត្រខាងលើត្រូវ​បានផ្ញើឱ្យលោក Donald Trump Jr ជាកូនប្រុស​ច្បង របស់លោក ដូណាល់ ត្រាំ នៅឯគេហដ្ឋាន​ក្នុងសង្កាត់ ម៉ាន់ហាតថាន់ (Manhattan) ទីក្រុងញូយ៉ក។ លោកស្រី Vanessa និងមនុស្ស​ពីរនាក់ផ្សេង ទៀតស្ថិតនៅកន្លែង​កើតហេតុ ត្រូវក្រុមអ្នកពន្លត់​អគ្គិភ័យសំអាត​សារធាតុកខ្វក់ និងបញ្ជូនទៅកាន់​មន្ទីរពេទ្យភ្លាមៗ។

ប៉ុន្តែ​ក្រោយមក អាជ្ញាធរអាមេរិក​បានបញ្ជាក់ថា ម្សៅពណ៌សនៅ​ក្នុង​សំបុត្រនោះ មិនមានសារធាតុ​គ្រោះថ្នាក់​នោះទេ រីឯលោក Trump Jr បានអះអាង​នៅលើ Twitter​ ដែរថា គ្រួសាររបស់លោក​មានសុវត្ថិភាព និងហៅទង្វើ​នេះថា ជាអំពើគួរឱ្យ​ស្អប់ខ្ពើម។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរទីក្រុងញូយ៉ក ប៉ូលិសបាន​ទទួលទូរស័ព្ទ​ពីករណីខាងលើ​ នៅម៉ោងប្រមាណជា ១០៖០០នាទីព្រឹក (ម៉ោងនៅ​សហរដ្ឋអាមេរិក) កាលពីថ្ងៃចន្ទ ការិយាល័យ​ស៊ើបការណ៍សំងាត់​ កំពុងបើកការស៊ើបអង្កេត​ហើយ៕