(ម៉ូស្គូ)៖ ប្រជាពលរដ្ឋ​រុស្ស៊ីកំពុងមាន​ទុក្ខជាទម្ងន់ បន្ទាប់ពីយន្តហោះ​មួយគ្រឿង​ផ្ទុកមនុស្ស ៧១នាក់បានធ្លាក់ ដែលបានបណ្តាល​ឱ្យមនុស្សទាំងអស់​ នៅលើយន្តហោះបាត់​បង់ជីវិត។ ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញហេតុការណ៍ធ្លាក់យន្តហោះនេះ៖

* ទីតាំង​ពេលវេលា និងហេតុការណ៍​ធ្លាក់យន្តហោះ៖

យន្តហោះ AN-148 ត្រូវបានគេរាយការណ៍​ឱ្យដឹងថា បានចាកចេញពី​អាកាសយាន្តដ្ឋាន ដូម៉ូដេដូវ៉ូ (Domodedovo) នៅ​វេលាម៉ោង ២៖២១នាទី រសៀល​ថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ និងមានគោលដៅ​ទៅកាន់​ទីក្រុង អ័សក៍ (Orsk) នៃតំបន់ភ្នំ យូរ៉ាស់ស៍ (Urals) ប្រទេស រុស្ស៊ី។

ជាអកុសល្យវា​បានបាត់ដំណឹងចេញពីប្រព័ន្ធរ៉ាដា ក្នុងរយៈពេល ៤នាទីបន្ទាប់ពី​ហោះហើរ។ យន្តហោះនេះ​បានធ្លាក់នៅ​ចម្ងាយតែ ៣៣គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីព្រលាន​យន្តហោះ ដែលវាបាន​ហោះចេញ គឺស្ថិតនៅជិតភូមិ អាហ្គូណូវ៉ូ (Argunovo) ចម្ងាយជាង ៨០គីឡូម៉ែត្រ ភាគខាងត្បូង រដ្ឋធានីម៉ូស្គូ។

សាក្សីឃើញផ្ទាល់​ភ្នែក បានប្រាប់សារព័ត៌មាន​ក្នុងតំបន់ថា ពួកគេបានឃើញ​យន្តហោះធ្លាក់ពីលើមេឃ រួចផ្ទុះឆេះ។ យោងតាម​​គេហទំព័រ FlightRadar24 ដែលជាគេហទំព័រ​តាមដានជើងហោះហើរ បានឱ្យដឹងថា យន្តហោះបានធ្លាក់​ក្នុងល្បឿន រហូតដល់ទៅ ៦,៧០០ម៉ែត្រ ក្នុងមួយនាទី។ បន្ទាប់ពី​យន្តហោះធ្លាក់ បានបន្សល់ទុក​នូវបំណែកយន្តហោះ​ប្រមាណ ២០៩បំណែក​ហើយ ត្រូវបានគេរកឃើញ​នៅរាយប៉ាយ ជុំវិញទីតាំង​យន្តហោះ​ធ្លាក់។

* ជនរងគ្រោះ៖

នៅលើយន្តហោះ​មានផ្ទុកមនុស្សសរុបចំនួន ៧១នាក់ ដោយក្នុងនោះ​គឺអ្នកដំណើរ ៦៥នាក់ និងអាកាស​យានិក ០៦នាក់។ ក្មេងស្រីម្នាក់​អាយុ ០៥ឆ្នាំ ព្រមទាំងម្ដាយ​របស់នាង ក៏បានស្ថិតនៅក្នុង​ចំណោមជនរង​គ្រោះទាំង ៧១នាក់ ដែលបានបាត់បង់ជីវិត​ នៅក្នុងគ្រោះថ្នាក់ធ្លាក់​យន្ដហោះ​នេះផងដែរ។ ក្មេងស្រីឈ្មោះ ណាដេហ្សដា ក្រាសូវ៉ា (Nadezhda Krasova) បានស្លាប់ជាមួយ​នឹងម្ដាយរបស់នាងឈ្មោះ អូកសាណា ក្រាសូវ៉ា (Oksana Krasova) អាយុ ៣២ឆ្នាំ។ សាកសព​មនុស្សជាច្រើន ត្រូវបានគេ​រកឃើញនៅជិត​ភូមិ Stepanovskoe ទីដែលយន្តហោះ​ដឹកអ្នកដំណើរ​របស់រុស្ស៊ីធ្លាក់។ នេះបើតាមការ​បញ្ជាក់ពីក្រុមជួយសង្គ្រោះ។

* មូលហេតុ៖

ក្រុមអ្នកស៊ើបអង្កេត​បានបង្ហាញថា អ្នកបើកបរយន្តហោះ​បានរាយការណ៍ស្តីអំពីបញ្ហាខូចម៉ាស៊ីន ហើយបានស្នើសុំអនុញ្ញាត​ឲ្យមានការចុះចត​ជាបន្ទាន់មួយ នៅអាកាសយាន្តដ្ឋាន​អន្តរជាតិ Zhukovsky ដែលស្ថិតនៅក្បែរទីតាំងធ្លាក់​យន្តហោះ​នោះ។ ប៉ុន្តែយ៉ាង​ណាក្តី ក្រុមមន្ត្រី មិនទាន់​បានបញ្ជាក់ ពាក់ព័ន្ធនឹងការ​អះអាងនេះ​នៅឡើយនោះទេ។

* ប្រភេទយន្តហោះ៖

យន្ដហោះ (Antonov An-148) មានអាយុកាល​ហោះហើរ ០៧ឆ្នាំ មកហើយ ជាកម្មសិទ្ធរបស់​ក្រុមហ៊ុនអាកាសចរណ៍​រុស្ស៊ី សារ៉ាតូវ (Saratov Airlines)។

* វិធានការណ៍ និងការជួយ​សង្គ្រោះ៖

ក្រោយទទួលដំណឹង​ធ្លាក់យន្តហោះភ្លាម ក្រុមសង្គ្រោះ​បន្ទាន់ បានបញ្ជូនមន្ត្រី​របស់ខ្លួន ទៅកាន់កន្លែងកើត​ហេតុ ជាអកុសល្យយន្តហោះបាន​ធ្លាក់ចំពេលដែលព្រិល​យ៉ាងក្រាស កំពុងគ្របដណ្តប់​ស្ទើរតែពាសពេញ​ប្រទេសរុស្ស៊ី ដែលបង្កភាព​លំបាកយ៉ាងខ្លាំង​ ក្នុងការស្វែងរក​សាកសព។ រដ្ឋាភិបាល​ទីក្រុងម៉ូស្គូបាន​ឱ្យដឹងថា ប្រតិបត្តិការតាម​ស្វែងរក​សាកសព នឹងបន្តរហូតដល់ពេញ​មួយសប្តាហ៍។ ដោយឡែក ប្រអប់ខ្មៅទី១ និងទី ២ របស់យន្តហោះ ក៏ត្រូវបានគេរកឃើញ​រួចមកហើយ រង់ចាំក្រុមជំនាញ​ទាញយកទិន្នន័យ និងវិភាគ ដើម្បីបញ្ជាក់ពីមូល​ហេតុកាន់​តែច្បាស់។

អាជ្ញាធររុស្ស៊ីបានប្រកាស​កាន់ទុក្ខ ដល់ជនរងគ្រោះទាំងអស់រយៈពេលមួយថ្ងៃគឺថ្ងៃចន្ទ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបង្ហាញសម្តែងការរំលែកទុក្ខ ព្រមទាំងបានចេញបញ្ជាឲ្យគណៈរដ្ឋមន្ត្រី បង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សទាំងអស់ ដែលបានជិះនៅលើយន្តហោះនោះ។ ជាងនេះទៅទៀតនោះ រដ្ឋាភិបាលអាមេរិក ព្រមទំាងអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) ក៏បានបង្ហាញក្ដីទុក្ខក្រៀមក្រំ ចំពោះសោកនាដកម្មធ្លាក់យន្ដហោះនេះផងដែរ។

* ប្រវត្តិធ្លាក់យន្តហោះ៖

សូមរំឮកថា កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ យន្តហោះមួយគ្រឿង​របស់ប្រទេស រុស្សីហោះហើរក្នុងគោលដៅ​ទៅកាន់ប្រទេស ស៊ីរី ផ្ទុកដោយក្រុម​តន្ត្រីយោធា ដើម្បីប្រគុំកម្សាន្ត ជូនទៅដល់កងកម្លាំងរុស្ស៊ីនៅទីនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រ​ខ្មៅភ្លាមៗ បន្ទាប់ពីហោះឡើង ដែលបណ្តាលឲ្យមនុស្ស ៩២នាក់ លើយន្តហោះ ស្លាប់បាត់បង់ជីវិត​ទាំងអស់៕