(ស៊ីដនី)៖ គ្រោះអគ្គិភ័យ​ដ៏ធំមួយបាន​កើតមានឡើង នៅឯការដ្ឋានសាងសង់​អគារខ្ពស់មួយ​កន្លែង ក្នុងតំបន់ទីប្រជុំជន​នៃទីក្រុង​ស៊ីដនី​ នៅរដ្ឋ​ញូសោតវែលស៍ (New South Wales) ប្រទេស​អូស្រ្តាលី នាព្រឹក​ថ្ងៃអង្គារនេះ ខណៈដែលភ្នាក់ងារ​ពន្លត់អគ្គិភ័យ​​ចំនួន ​២០នាក់​ ត្រូវបាន​បញ្ជូនទៅកាន់កន្លែង​កើតហេតុ និងមនុស្ស ១៣នាក់ បានទទួល​រងរបួស​ស្រាល។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមអាជ្ញាធរ​នៅតំបន់កើតហេតុ អណ្តាតភ្លើង​បានឆាបឆេះសំណាញ់​ពណ៌ខ្មៅ នៅគ្របដណ្តប់​នៅលើការដ្ឋានសំណង់ នៃ​​អគារ​ខាង​លើ ដែលស្ថិតក្នុង​តំបន់កំពង់ផែ ស៊ឺឃ្យូឡឺ ក្វេយ (Circular Quay) នៃទីក្រុងស៊ីដនី ហើយវា​បាន​បន្តឆេះរហូតដល់ ០២ម៉ោងក្រោយ មុនពេលត្រូវបាន​​ក្រុមពន្លត់អគ្គិភ័យ​ ​​ពន្លត់បានទាំងស្រុង​ទៅវិញ។

គួរជម្រាបថា ក្នុងហេតុការណ៍​នេះ​មនុស្ស ១៣នាក់ បានរងរបួសស្រាល គឺដោយសារ​តែ​ឈ្លក់ផ្សែងភ្លើង និងជាច្រើន​នាក់​ទៀតត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ខ្លួនទៅកាន់​ទីសុវត្ថិភាព ខណៈមូលហេតុ ដែលបង្កគ្រោះ​អគ្គិភ័យនៃ​សំណង់អគារ​កម្ពស់ ១០ជាន់នេះ នៅមិនទាន់​កំណត់ច្បាស់​នៅឡើយ​ទេ​​៕