(សេអ៊ូល)៖ ក្រោយ​ប្រធានសភា និងប្អូនស្រី​បង្កើតរបស់ខ្លួន បានបំពេញ​បេសកកម្ម​ដ៏ជោគជ័យ នៅកូរ៉េខាងត្បូងហើយនោះ មេដឹកនាំ​​​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យា​​បន្ថែម​ទៀតថា នឹងបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​​ផ្សះផ្សាផ្លូវអារម្មណ៍ប្រកបដោយ​ភាពវិជ្ជមាន​ជាមួយ​កូរ៉េខាងត្បូង ខណៈលោក​ទទួលស្វាគមន៍​ការវិលត្រប់មកវិញ​ របស់ប្រតិភូជាន់​ខ្ពស់​កូរ៉េខាងជើង ក្រោយបញ្ចប់ ទស្សនកិច្ចបីថ្ងៃ​នៅកូរ៉េខាងត្បូង​ នាអំឡុងចូលរួម​ពិធីបើកព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅទឹកដីកូរ៉េខាងត្បូង។ នេះបើ​តាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងបទអត្ថាធិប្បាយ​របស់ខ្លួនចេញ​ផ្សាយនៅ​ថ្ងៃអង្គារនេះ សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA បានលើក​ឡើងយ៉ាងដូច្នេះថា «វាពិតជា​មានសារៈសំខាន់​ណាស់ ក្នុងការបន្ត​ស្វែងរក​លទ្ធផលល្អ តាមរយៈការ​បង្កើនបរិយាកាស​កក់ក្ដៅ​ នៃការផ្សះផ្សា​ និងកិច្ចសន្ទនា​ ដើម្បីបង្កើត​គោលបំណងរួម​ និងរឹងមំា​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ដោយព្រឹត្តិការណ៍​កីឡា​អូឡាំពិករដូវរងា​ជាសន្ទុះ»

គួរបញ្ជាក់ថា បើតាម KCNA លោក គីម ជុងអ៊ុន បានសម្ដែងការ​ពេញចិត្តយ៉ាងខ្លាំង​ ចំពោះរបាយការណ៍​របស់ក្រុមប្រតិភូ​កូរ៉េខាងជើង ហើយលោក​ថែមទាំងថ្លែងអំណរគុណ​ទៀតផង ចំពោះលទ្ធផលសម្រេចបាននេះ។ សម្រាប់​លិខិតលោក គីម ជុងអ៊ុន ផ្ញើតាម​​ប្អូនស្រី ជូនប្រធានាធិបតី ​លោក មូន ជែអ៊ីន នោះ គឺប្រមុខដឹកនាំជំ​នាន់ទីបីរូបនេះ បានអញ្ជើញមេដឹកនាំ​កូរ៉េខាងត្បូងរូបនេះ មកទស្សនកិច្ច​ទីក្រុងព្យុងយ៉ាង​​ឲ្យបានកាន់តែឆាប់ តាមដែល​អាចទៅរួច ដើម្បីធ្វើឲ្យទំនាក់ទំនង​កូរ៉េទាំងពីរ វិលទៅរកស្ថានភាព​ប្រសើរឡើង៕