(ដាម៉ាស់)៖ កងកម្លាំង​ឃើដ​ស៊ីរី​បានឱ្យដឹងថា ប្រតិបត្តិការ​របស់យោធា​តួកគី​ ប្រឆាំងក្រុមអ្នក​ប្រយុទ្ធឃើដ​ស៊ីរី ក្នុងទីក្រុង អាហ្វ្រីន (Afrin) ភាគខាងជើង​ប្រទេស​មជ្ឈិមបូព៌ា​មួយនេះ បានផ្ដាច់យក​​អាយុជីវិតជន​ស៊ីវិល ១៨០នាក់ និង ៤១៣នាក់ ផ្សេងទៀត​រងរបួស ក្នុងរយៈពេលតែជាង ២០ថ្ងៃប៉ុណ្ណោះ។ នេះ​បើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមកង​កម្លាំងឃើដ ក្នុងចំណោមជនស៊ីវិល​ទាំងអស់​រួមមានស្ត្រី កុមារ និងមនុស្ស​ចាស់ ខណៈកងកម្លាំង​ប្រដាប់​អាវុធឃើដ ៩៨នាក់ ត្រូវបាន​សម្លាប់នៅ​ក្នុងប្រតិបត្តិការ​យោធា​របស់តួកគី ចាប់តាំងពី​ថ្ងៃទី២០ ខែមករា​មក។ ប៉ុន្តែទន្ទឹមគ្នា កងកម្លាំងឃើដ​ក៏បានបញ្ជាក់ក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ក្រុមអ្នកប្រយុទ្ធ​គំាទ្រ​ដោយ​តួកគី ៨៦២នាក់ ក៏ត្រូវបាន​សម្លាប់​ផងដែរ។

គួរបញ្ជាក់ថា កងកម្លាំងតួកគី​បានបើក​ការវាយប្រហារ​តាមផ្លូវអាកាស​ ៦៦៨លើក លើទីក្រុង Afrin ស្របពេល​របាយការណ៍​អង្គការ​សហប្រជាជាតិ​ឱ្យដឹងថា មនុស្ស ១៥,០០០នាក់ បានរត់ភៀស​ខ្លួនចាប់តាំងពី​តួកគី​ផ្ដើម​ធ្វើប្រតិបត្តិការយោធា​ ប្រឆាំងនឹងក្រុមអ្នក​ប្រយុទ្ធ​ឃើដ YPG​ កាលពី​ថ្ងៃទី២០ ខែមករា​មក៕