(វៀងច័ន្ទ)៖ កម្មវិធីដោះ​ដូរវប្បធម៌​​ ព្រមទាំងការ​ផ្សព្វផ្សាយ​ពីកម្មវីធី​ទូរទស្សន៍មួយ ដែលផលិត​ឡើងរួមគ្នា ដោយប្រទេសឡាវ និងចិន ត្រូវបានធ្វើឡើង​នៅឯសាកល​វិទ្យាល័យជាតិឡាវ (NUoL) ដែលស្ថិតក្នុង​រដ្ឋធានីវៀងច័ន្ទ​ កាលពីថ្ងៃចន្ទ​ម្សិលមិញ។ នេះ​បើ​តាម​​​ការ​ចេញ​​​​ផ្សាយ​​​​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

តាម​រយៈការប្រារព្ធ​ពិធីនេះ កម្មវិធីទូរទស្សន៍​ស្តីពី «ខ្សែភាពយន្តចិន» និង «គំនូរជីវចលចិន» ដែលផលិតឡើងដោយ​ឡាវនិងចិន ត្រូវ​បានណែនាំបង្ហាញដល់សាធារណជន និងផ្សព្វផ្សាយឃោសនា ដើម្បីលើកកម្ពស់បន្ថែម​ឲ្យគេបានដឹងបន្ថែមទៀត។

កម្មវិធី «​ខ្សែ​ភាព​​យន្ត​ចិន» ដែលផលិតឡើងដោយ​ស្ថានីយផ្សព្វផ្សាយចិននៃខេត្ត ក្វាងស៊ី (Guangxi) និងស្ថានីយទូរទស្សន៍ជាតិឡាវ ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​​កាល​ពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ២០១៤។ ក្រៅពីនេះ​កម្មវីធីគំនូជីវចលចិន ក៏ត្រូវបានផលិតឡើងរួមគ្នាដោយ​ស្ថានីយទូរទស្សន៍​ខាង​លើ​ផងដែរ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកុមារៗ នៅក្នុងប្រទេសឡាវ។

គួរជម្រាបថា ព្រឹត្តិការណ៍​ខាងលើនេះ មានការចូលរួមពី​​សាកវិទ្យាធិការ​រងរបស់ NUoL, អគ្គនាយករង​នៃស្ថានីយទូរទស្សន៍​ជាតិ​ឡាវ , លោកគ្រូ-អ្នកគ្រូ, និងសិស្សានុសិស្ស​ជាង ១០០នាក់៕