(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់​មេដឹកនាំ​ប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) ថា លោកបាន​ពិភាក្សាពីបញ្ហាដំ​ណើរការសន្តិភាព​ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅអំឡុងកិច្ច​សន្ទនាតាម​ទូរស័ព្ទ ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ពូទីន ថ្លែងបែបនេះ​នៅក្នុងជំនួបជា​មួយ លោក Abbas ក្នុងទីក្រុងម៉ូស្គូ កាលពី​ល្ងាច​ថ្ងៃចន្ទ។ «ខ្ញុំទើបតែ បាននិយាយ​ទូរស័ព្ទជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ហើយយើងបាន​ពិភាក្សាគ្នាពីបញ្ហា​សន្តិភាព​រវាង អ៊ីស្រាអែល និង​ប៉ាឡេស្ទីន»។ នេះជាការ​លើកឡើង​របស់លោក ពូទីន។ បន្ថែមពី​លើនេះ ប្រធានាធិបតី​រុស្ស៊ីក៏បាន គូសបញ្ជាក់ផង​ដែរ ពីទំនាក់ទំនងស៊ីជម្រៅ​រវាងរុស្ស៊ី និងប៉ាឡេស្ទីន និងថាទីក្រុងម៉ូស្គូ​តែងតែគាំទ្រប្រជាជន​ប៉ាឡេស្ទីន​ជានិច្ច។

គួររំលឹកថា ក្រោយ​លោក ត្រាំ ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​របស់​អ៊ីស្រាអែល ប្រធានាធិបតី​ប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) បានអះអាងថា សហរដ្ឋអាមេរិក​គ្មានគុណសម្បតិ្ត​ដើរតួនាទីជា​អ្នកស្វែងរក សន្តិភាព​ទៀតនោះទេ ខណៈក្រុមអ្នក​ជំនាញខ្លះយល់ថា វានឹងក្លាយជា​ឱកាសមួយសម្រាប់​រុស្ស៊ី​ក្នុងការលើក​កម្ពស់​ទំនាក់​ទំនង ជាមួយ​បណ្ដាប្រទេស​អារ៉ាប់៕