(ដាកា)៖ តុលាការ​បង់ក្លាដែស បានសម្រេចផ្តន្ទាទោស​ប្រហារជីវិតជនទំនើងសរុប ០៤នាក់ ដែលបានប្រព្រឹត្ត​បទល្មើសរំលោភបំពានផ្លូវភេទ​ និងសម្លាប់​ទាំងកម្រោល​ទៅលើនិស្សិតច្បាប់មួយរូប នៅលើរថយន្ត​ក្រុង​ដែលកំពុង​បើកបរ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

តុលាការក្នុងស្រុក Tangail ភាគកណ្តាលប្រទេសបង់ក្លាដែស​​ ដែលមានចម្ងាយ ៩៧គីឡូម៉ែត្រ ពីរដ្ឋធានី​ដាកា បានសម្រេចទោស​ដូចខាងលើ កាលពីថ្ងៃចន្ទដើម​សប្តាហ៍នេះ។ ដោយឡែក​អ្នកបើកបរ​រថយន្តក្រុង ដែលបានចូលដៃ​ចូលជើង​ក្នុងករណីរំលោភ​ផ្លូវភេទ និងសម្លាប់​​ជីវិត​និស្សិតស្រីច្បាប់​មួយរូបនោះ ក៏ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារ ០៧ឆ្នាំ និងពិន័យ​ជាប្រាក់ ​១០០,០០០តាកាស់ (១,២០៤ដុល្លារ)។

គួរបញ្ជាក់ថា ក្រោយពីមានការ​កាត់ក្តីអំពី​រឿងនេះ ក្រុមអ្នក​ទាមទារយុត្តិធម៌ នៅខាង​ក្រៅអគារ​តុលាការ​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ និស្សិតច្បាប់​មួយរូប គឺនាង ស៊ូតាណា រូប៉ា (Sultana Rupa) ត្រូវបានក្រុម​ជនល្មើសខាង​លើនេះ ចាប់រំលោភ និងសម្លាប់​នៅលើរថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​ដែលកំពុងបើកបរ​ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ហើយប្រការនេះ​​ បាននាំឲ្យ​ប្រជាជន​បង់ក្លាដែសទូទាំងប្រទេស ផ្ទុះកំហឹងយ៉ាងខ្លាំង៕