(ម៉ូស្គូ)៖ ក្រុមស៊ើបអង្កេតរុស្ស៊ី​ បានបញ្ចេញលទ្ធផល​ស៊ើបអង្កេត​ដំបូងឲ្យដឹងថា យន្តហោះ​រុស្ស៊ី​ដែលបានធ្លាក់ស្លាប់មនុស្ស ៧១នាក់ កាលពីយប់ថ្ងៃអាទិត្យនោះ តាមពិតទៅបានផ្ទុះឡើង ក្រោយធ្លាក់ទៅលើតំបន់វាលព្រិលទឹកកក ដ៏ក្រាស់នៅជាយ​ទីក្រុងម៉ូស្គូ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ជើងហោះហើយ​​ក្នុងស្រុក An-148 បានដឹកអ្នក​ដំណើរ ៦៥នាក់ និង​សហសេវិក ០៦នាក់ នៅមុនពេលកើតហេតុ ហើយមូលហេតុ​ច្បាស់លាស់ នៃការធ្លាក់នេះ គឺត្រូវរង់ចាំ​ការ​ស្រង់ទិន្នន័យ​ពីប្រអប់ខ្មៅទាំងពីរ ដែលត្រូវបានរក​ឃើញទៅហើយ​នោះសិន។

បើតាមការគណកម្មាធិការស៊ើបអង្កេតរុស្ស៊ី យន្តហោះខាងលើនេះ​បានធ្លាក់រួច​ផ្ទុះឡើងតែ​ម្តង ទើបបានបណ្តាលឲ្យ​បំណែករបស់វា រប៉ាត់រប៉ាយពាសពេញវាល​ទឹកកក។ បន្ថែមពីនេះទៀត ពេលយន្តហោះ​ធ្លាក់ភ្លាមៗលើព្រិល គឺគ្មានអណ្តាតភ្លើងឡើយ រួចបន្ទាប់មក​ទើបវាផ្ទុះឆេះ​មួយ​ប្រាវតែម្តង។ បំណែក​​យន្តហោះ​ប្រមាណ ២០៩បំណែក ត្រូវ​បាន​គេ​រក​​ឃើញ​នៅ​រាយ​​ប៉ាយ ជុំវិញ​ទីតាំង​យន្ត​ហោះ​ធ្លាក់​ នៅជាយរដ្ឋធានី​ម៉ូស្គូ៕