(ប៉េកាំង)៖ គ្រោះធម្មជាតិរញ្ជួយផែនដី​កម្រិតមធ្យម ៤.៣រ៉ិចទ័រ បានវាយប្រហារ​តំបន់​មួយ ស្ថិតនៅក្បែររដ្ឋធានី​ប៉េកាំង នៃប្រទេសចិន នៅល្ងាចថ្ងៃចន្ទ​នេះតែម្តង ដែលជារឿងកម្រ​នឹងកើតមានឡើងណាស់។ នេះបើតាម​​ការ​ចេញ​​ផ្សាយ​នៅមុននេះ​បន្តិច ដោយទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ភ្លាមៗ​បែរនេះ ពុំទាន់មាន​សេចក្តីរាយការណ៍​ណាមួយ បញ្ជាក់អំពីផល​ប៉ះពាល់ នៃគ្រោះរញ្ជួយដី​​ខាងលើនេះ​ឡើយ ប៉ុន្តែបើពិនិត្យ​ទៅលើកម្រិត នៃរំញ័រ​ខាងលើនេះ គឺមានកម្លាំង​ខ្សោយប៉ុណ្ណោះ ដែលទំនង​ជាមិនអាចបង្កការ​ខូចខាត ឬក៏មនុស្ស​រងគ្រោះថ្នាក់នោះ​ឡើយ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដី​ខាងលើនេះ បានកើតមាន​ឡើងទៅលើសង្កាត់ យ៉ុងគីង នៃទីក្រុង ឡាងហ្វាង របស់ខេត្តហេបៃ ជាប់ព្រំដែនភាគខាងត្បូង​ទីក្រុងប៉េកាំង កាលពីម៉ោង ៦៖៣១នាទីល្ងាច ម៉ោងនៅប៉េកាំង៕