(ម៉ូស្គូ)៖ ស្របពេលដែល​អ្នកដំណើរ ៦៥នាក់ និង​សហសេវិក ០៦នាក់ ជិះនៅលើ​យន្តហោះ​មួយគ្រឿង ដែលបានធ្លាក់កាលពី​យប់ថ្ងៃ​អាទិត្យ​​នៅ​ប្រទេសរុស្ស៊ី បានបាត់បង់​ជីវិតទាំងអស់ មូលហេតុដែលបង្ក​ឲ្យមានសោកនាដកម្ម​ដ៏រន្ធត់នេះ កំពុងបន្ត​ស្ថិតក្រោម​ការ​ស៊ើប​អង្កេត​ដដែល ខណៈបំណែក​​យន្តហោះ​ប្រមាណ ២០៩បំណែក​ហើយ ត្រូវ​បាន​គេ​រក​​ឃើញ​នៅ​រាយ​​ប៉ាយ ជុំវិញ​ទីតាំង​យន្ត​ហោះ​ធ្លាក់​ ក្បែររដ្ឋធានី​ម៉ូស្គូ។ នេះបើតាម​ការចេញ​ផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមរដ្ឋាភិបាល​ទីក្រុងម៉ូស្គូ ប្រតិបត្តិការតាម​ស្វែងរកសាកសព របស់ជនរងគ្រោះ​​ដ៏អភ័ព្វទាំង ៧១នាក់ ដែលបាន​បាត់បង់ជីវិត​​នៅ​ក្នុងគ្រោះថ្នាក់​ធ្លាក់យន្តហោះ​ធុន An-148 ក្បែររដ្ឋធានី​នៃប្រទេសរុស្ស៊ីនេះ​​ នឹងបន្តរហូតដល់​ពេញមួយ​សប្តាហ៍ ខណៈយន្តហោះដឹក​​​អ្នក​ដំណើរមួយ​គ្រឿងនេះ បានជួបគ្រោះថ្នាក់​ចំពេល​ដែលផ្ទាំងព្រិល​យ៉ាងក្រាស់ៗឃ្មឹក កំពុងគ្របដណ្តប់​ស្ទើរតែពាសពេញ​ប្រទេស​រុស្ស៊ី ដែលបង្កភាព​លំបាកក្នុង​ការស្វែងរក។

គួរជម្រាបថា យន្តហោះដឹក​អ្នកដំណើរធុ​ន An-148 គឺកំពុងតែធ្វើការ​ដឹកជញ្ជូនអ្នក​ដំណើរ​ ក្នុងជើងហោះហើរក្នុងស្រុក នៅពេល​​ដែល​វាបានធ្លាក់នៅក្បែរ​ទីក្រុងម៉ូស្គូ កាលពីយប់ថ្ងៃអាទិត្យ​ម្សិលមិញ ដែលបាន​បណ្តាលឲ្យ​មនុស្សសរុប​ទាំងអស់ ៧១នាក់ នៅលើ​​នោះ​​ស្លាប់។
យន្តហោះនេះ បានធ្លាក់នៅ​ចម្ងាយតែ ៣៣គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រលាន​យន្តហោះ ដែលវាបានហោះ​ចាកចេញ ដោយបំណែក​របស់វាបានខ្ទាច​រប៉ាត់រប៉ាយពាស​ពេញផ្ទៃ​ដី​ទំហំយ៉ាងធំ។ ដោយឡែក ប្រអប់ខ្មៅទី១ និងទី ២ របស់​យន្តហោះ ក៏ត្រូវ​បាន​គេ​រក​​ឃើញរួចមកហើយ​​ផង​ដែរ​​ រង់ចាំក្រុមជំនាញទាញយកទិន្នន័យ និងវិភាគ ទើបអាចដឹងពី​មូលហេតុពិតប្រាកដ​នៃការធ្លាក់៕