(ប៉េកាំង)៖ ក្រៅពី​រដ្ឋាភិបាល​ទីក្រុងសេអ៊ូល មន្រ្តីជាន់ខ្ពស់​មួយរូបមកពី​ប្រទេសចិន ក៏បាន​ជួប​ពិភាក្សា​ជាមួយ លោក គីម យ៉ុង​ណាំ ប្រធានសភា​ជាន់ខ្ពស់នៃប្រទេស​កូរ៉េខាងជើង នៅអំឡុងដំណើរ​ទស្សនកិច្ច​របស់លោក​ទាំងពីរ ទៅកាន់ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូល​រួមពិធីបើកព្រឹត្តិការណ៍​អូឡាំពិករដូវរងា​ កាលពីចុងសប្តាហ៍មុននេះ​ផងដែរ។ នេះបើតាម​ការចេញ​ផ្សាយ ​ដោយ​ទីភ្នាក់​ងារ​​ព័ត៌​មាន​ចិន ស៊ីនហួរ​ នៅល្ងាច​ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក ជេង ហ្ស័ង (Geng Shuang) បាន​បញ្ជាក់ថា លោក ហាន ហ្សេង (Han Zheng) ដែលជាសមាជិក​នៃការិយាល័យ​នយោបាយ ​របស់គណៈកម្មាធិការ​អចិន្រ្តៃយ៍​បក្ស​កុម្មុយនិស្តចិន បានជួបជា​មួយ​លោក គីម យ៉ុងណាំ ដែលជា​អ្នកដឹកនាំ​​គណៈ​ប្រតិ​ភូ​ជាន់ខ្ពស់​កូរ៉េខាងជើង រួមមានទាំងប្អូនស្រី​បង្កើតលោក គីម ជុងអ៊ុន ទៅកាន់​​កូរ៉េខាងត្បូង បានជួបសំណេះ​សំណាលគ្នា នៅ​ក្នុង​អំឡុង​​នៃ​​ដំណើរ​​​​ទស្សន​​កិច្ច​របស់​​លោក Han ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក PyeongChang ក្នុងនាម​​ជា​ប្រេសិត​ពិសេស​​តំណាង​ឲ្យ​​​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

គួរជម្រាបថា ប្រធានបទ​នៃកិច្ចពិភាក្សា​ចិន-កូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​បំផុតនឹងគ្នានេះ ពុំត្រូវបានបញ្ជាក់​ឲ្យដឹងលម្អិត​​ដោយក្រសួង​ការបរទេសចិន​នោះឡើយ៕