(ម៉ូស្គូ)៖ យោធាប្រទេស​រុស្ស៊ី​បានធ្វើតេស្ត​ មីស៊ីល​សម្រាប់ការពារ​ដែនអាកាស ដែលទើប​បង្កើនសមត្ថភាព​ថ្មី​ដោយជោគជ័យ នៅ​ឯ​ទីលាន​​សាក​ល្បង​​មួយ ​ក្នុងប្រទេស​កាហ្សាក់ស្ថាន។ នេះបើតាម​សេចក្តីរាយការណ៍​ព័ត៌មាន​ នៃប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុករុស្ស៊ី ដក​ស្រង់​ដោយ​ទីភ្នាក់​ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម​សម្តី​របស់​​មេបញ្ជារង​ នៃកងអង្គភាព​ការពារមីស៊ីល​ និងដែនអាកាស នៃប្រទេស​រុស្ស៊ីលោក អានឌ្រៃ ព្រីកហូដកូ (Andrei Prikhodko) ​ថ្លែងប្រាប់​​​សារ​ព័ត៌​មាន​រុស្ស៊ី ក្រាសណាយ៉ា ស្វេហ្សដា (Krasnaya Zvezda) មីស៊ីលការពារ​​ដែនអាកាស ដែលទើបត្រូវ​បង្កើន​​សមត្ថភាព​ថ្មី​មួយ បានវាយប្រហារ​​ចំគោល​ដៅ ជាមួយភាព​ត្រឹមត្រូវ​ដែលបានកំណត់​ជាក់លាក់ ដោយជោគជ័យ នៅឯទីលាន​សាកល្បង សារី ហ្សាហ្គាន់ (Sary Shagan) របស់​ប្រទេសកាហ្សាក់​ស្ថាន។

គួរជម្រាបថា បើតាមលោក Prikhodko មីស៊ីលការពារ​ដែនអាកាសថ្មីនេះ មានសមត្ថភាព​បាញ់ស្ទាក់ ការ​វាយប្រហារ​តែ​មួយ​ ឬ​​ជា​​ច្រើន​​​​ព្រមគ្នា​បានផងដែរ សូម្បីតែការ​ប្រើប្រាស់មីស៊ីល​ផ្លោង​​ឆ្លងទ្វីប​ជំនាន់ថ្មីៗ ខណៈឈ្មោះរបស់​សព្វាវុធនេះ មិន​ត្រូវ​បាន​​បញ្ជាក់​​ច្បាស់​ឡើយ៕