(ញូយ៉ក)៖ អគ្គលេខាធិការ​ នៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) បានបង្ហាញ​ក្ដី​ទុក្ខក្រៀមក្រំ និងសោកស្ដាយ ចំពោះសោកនាដកម្ម​ធ្លាក់យន្ដហោះរុស្ស៊ី​មួយគ្រឿង ដែលបានផ្ដាច់​យកជីវិតអ្នក​ដំណើរទាំង​អស់គ្មានសល់ម្នាក់។ នេះបើតាម ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ថ្លែងការណ៍ចេញ​ផ្សាយកាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅញូយ៉ក) ដោយអ្នកនាំពាក្យ​របស់ លោក Guterres បានឲ្យដឹងថា លោកអគ្គលេខាធិការចូលរួមមរណៈទុក្ខ​យ៉ាងក្រៀមក្រំដល់សាច់ញាតិ​ជនរងគ្រោះ និងប្រជាជន​ព្រមទាំង​រដ្ឋាភិបាល​រុស្ស៊ី។ យន្ដហោះ​ដឹក​អ្នកដំណើរ អាន់តូនូវ (Antonov-148) របស់ក្រុមហ៊ុន​អាកាសចរណ៍ សារ៉ាតូវ (Saratov Airlines) បានធ្លាក់​កាលពី​ថ្ងៃអាទិត្យ តែប៉ុន្មានាទី ប៉ុណ្ណោះបន្ទាប់​ហោះឡើងចេញ​ពី​អាកាសយានដ្ឋាន ដូម៉ូដេដូវ៉ូ (Domodedovo) ក្នុងទីក្រុង​ម៉ូស្គូ ដោយសម្លាប់​មនុស្ស​ទាំងអស់ ៧១នាក់ ក្នុងនោះមាន​អ្នកដំណើរ ៦៥នាក់ និងអាកាស​យានិក ០៦នាក់។

យន្ដហោះ Antonov-148 មានគោលដៅ​ហោះហើរពីអាកាស​យានដ្ឋាន ដូម៉ូដេដូវ៉ូ (Domodedovo) ក្នុងទីក្រុងម៉ូស្គូ ឆ្ពោះទៅកាន់​ទីក្រុង អស់ក៍ (Orsk នៃតំបន់ អូរែនប៊ឺក (Orenburg) ភាគខាងលិចប្រទេសរុស្ស៊ី។ តែជាអកុសល្យ​យន្ដហោះ​បានធ្លាក់នៅ​ចំងាយ​ប្រមាណ ៨០គីឡូម៉ែត្រ ពីទីក្រុងម៉ូស្គូ ក្រោយដាច់ការ​ទាក់ទងនៅ​ម៉ោងប្រមាណ​ ១៤៖២១នាទី (ម៉ោងនៅ​ក្នុងទីក្រុងម៉ូស្គូ)៕