(វ៉ាស៊ីនតោន)៖ បើយោងតាម​ការសិក្សា​ថ្មីមួយ ព្រះអាទិត្យ ដែលជាដុំបាល់​ភ្លើងផ្តល់កម្តៅ​ និងពន្លឺឲ្យ​ភពផែនដី ប្រហែលជានឹង​ថយចុះ​សីតុណ្ហភាព​ខុសប្លែក​ពីធម្មតា នៅឆ្នាំ២០៥០។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​​ថ្ងៃ​ចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ដោយផ្អែកលើ​ការវិភាគតាមដាន​យ៉ាងដិតដល់ ក្រុមអ្នកវិទ្យាសាស្រ្ត​នៃសាកលវិទ្យាល័យ​រដ្ឋកាលីហ្វរញ៉ា (University of California) ដែលស្ថិតក្នុង​រដ្ឋទីក្រុង​សេនឌីអេហ្គោ (San Diego) មានជំនឿ​ជឿជាក់ខ្ពស់ថា បាតុភូត «Grand Minimum (នៅពេល​វដ្ត​ព្រះ​អា​ទិត្យ​បញ្ចេញ​​​សកម្ម​ភាព​តិច​តួច​ជាងធម្មតា)» នឹងកើតមាន​ឡើងនៅប៉ុន្មាន​ទសវត្សរ៍ខាងមុខ ដោយនាពេល​នោះព្រះអាទិត្យ នឹងថយចុះ​​សីតុណ្ហភាព ០៧ភាគរយ។

គួរជម្រាបថា បាតុភូត Grand Minimum នឹងបណ្តាលឲ្យ​ថយចុះសីតុណ្ហភាព​នៅលើភពរបស់​យើង។ ក្នុងអំឡុង​នៃបាតភូត Grand Minimum កាលពីពាក់​កណ្តាល​សតវត្សរ៍ទី១៧ ដែលត្រូវបានគេដាក់​ឈ្មោះឲ្យថា ​Maunder Minimum នោះ សីតុណ្ហភាពលើផែនដី​​បានចុះត្រជាក់​ខ្លាំង រហូតធ្វើ​ឲ្យទន្លេ Thames នៅចក្រអង់គ្លេសក្លាយ​ជាទន្លេ​ទឹកកកបាន។ ប៉ុន្តែការចុះ​ត្រជាក់នេះ នឹងកើត​ឡើង​ដូច​គ្នាទូទាំងពិភពលោក​ឡើយ ដោយតំបន់ខ្លះ​ចុះត្រជាក់ ខ្លះទៀតនៅមាន​កម្តៅ​ដដែល៕