(សេអ៊ូល)៖ នៅអំឡុងចុង​សប្តាហ៍កន្លងទៅនេះ ក្រុមសកម្មជនជ្រុលនិយមកូរ៉េខាងត្បូង បានដុតបំផ្លាញទង់ជាតិ​​កូរ៉េខាងជើង ​រួម​ជាមួយនិងរូបថត​របស់លោក គីម ជុងអ៊ុន ​ដើម្បីសម្តែងការប្រឆាំង​ជំទាស់​ ទៅនឹង​កិច្ចប្រឹងប្រែង​នៃរបស់ប្រទេស​ទាំងពីរ ដែលចង់​លើក​កម្ពស់ទំនាក់ទំនង​ទ្វេភាគី ក្នុងអំឡុង​ការចាប់បើក​ព្រឹត្តិការណ៍អូឡាំពិក​រដូវរងា​លើកទី ២៣ នៅប្រទេស​កូរ៉េខាងត្បូង ដោយ​ពួក​គេ​​​បានចាត់​ទុក​ថា ការឱនលំទោន​ផ្នែកការទូតនេះ គឺជារឿងដ៏​អាម៉ាស​មួយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ សារ​ព័ត៌​មាន​​អង់​គ្លេស Daily Mail នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។​

ក្នុងកិច្ចចាប់ផ្តើម​នៃព្រឹត្តិការណ៍អូឡាំពិក​រដូវរងា PyeongChang 2018 ក្រុមបាតុករ​កូរ៉េខាងត្បូង បានដុតទង់ជាតិ​ព្រមទាំងរូបថត​នៃ​​ប្រមុខដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុនអ៊ុន ដែលបានបញ្ជូន​ប្អូនស្រីបង្កើតជា​តំណាងជាន់ខ្ពស់​របស់ខ្លួន គឺអ្នកនាង​ គីម យ៉ូ​ចុង អមដំណើរជា​មួយមន្រ្តីធំៗជាច្រើន​រូបទៀត ដើម្បីមកចូលរួម​ពិធីបើកការប្រកួតកីឡា​អន្តរជាតិ​នេះ។

ក្នុងឱកាសនៃការអញ្ជើញ​មកដល់របស់​គណៈប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ផ្តល់ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដោយ​​ក្នុង​នោះលោក មូន ជែអ៊ីន បាន​រៀបចំការពិសាអាហារជាមួយ​​អ្នកនាង គីម យ៉ូចុង និង​ប្រធានសភា​កូរ៉េខាងជើង លោក គីម យ៉ុងណាំ, ការជួប​ពិភាក្សា​ក៏ដូចជាសំណេះសំណាល​សួរសុខទុក្ខគ្នា, ការមើលការប្រកួតកីឡា​នៃក្រុមអត្តពលិក​​មក​ពី​ប្រទេសទាំងពីរ ដែលបាន​លេងរួមគ្នា និងការទស្សនា​ការប្រគុំតន្រ្តី​​របស់​​​ក្រុមសិល្បៈករ-សិល្បៈការិនី​កូរ៉េខាងជើង ជាមួយគ្នា​ជា​ដើម។

យ៉ាងណាមិញ ឥរិយាបថទន់ភ្លន់របស់​មេដឹកនាំ​កូរ៉េខាងត្បូង ដោយបណ្តាលឲ្យ​ក្រុមអ្នកអភិរក្ស​ និងជាតិនិយម នៅក្នុង​ប្រទេសរបស់​​​លោក​ មានការមិនពេញ​ចិត្តជាខ្លាំង ដោយពួកគេបាន​ចោទរូបលោកថា ជាអ្នកគាំទ្រកូរ៉េខាងជើង​​ថែមទៀតផង។ ក្រុមអ្នក​តវ៉ាបាន​លើកឡើងថា ភាពឱនលំទោន​ផ្នែកការទូតរបស់​លោក មូន ជែអ៊ីន បានអនុញ្ញាតឲ្យ​កូរ៉េខាងជើង សម្តែងល្ខោន​ឃោសនា​នៅក្នុង​រដ្ឋ​ធានី​សេអ៊ូល ហើយកំពុងធ្វើឲ្យ​ហិនហោចនូវសម្ព័ន្ធភាព​ផ្នែកយោធា​ ជាមួយ​សហរដ្ឋអាមេរិក។ ​ក្រុមបាតុករ បាននិយាយ​​ដូច្នេះថា «ការ​ដែលឃើញ​​ពួកកុម្មុយនិស្ត​ទាំងអស់នេះ ជាន់ដីបេះដូង​នៃទីក្រុង​សេអ៊ូល គឺជារឿងដ៏​អាម៉ាសបំផុត​មួយ»

គួរជម្រាបថា ​វត្តមានរបស់ក្រុមមន្រ្តី​ជាន់ខ្ពស់កូរ៉េខាងជើង​នៅកូរ៉េខាងត្បូង នាប៉ុន្មានថ្ងៃនៃកិច្ចចាប់ផ្តើម​បើកព្រឹត្តិការណ៍អូឡាពិក​​​ឆ្នាំ​២០១៨ បានគ្របដណ្តប់គ្រប់គ្រង​លើចំណងជើងនៃ​ប្រព័ន្ធ​ព័ត៌មាននានា ជុំវិញពិភពលោក ដោយក្រសែភ្នែក​ទាំងអស់ គឺបានសំឡឹង​មើល​ទៅលើ​អ្នកនាង គីម យ៉ូចុង វ័យប្រហែលខ្ទង់ ៣០ឆ្នាំ ដែលជាមនុស្សដ៏ជំនិត​​បំផុតម្នាក់ ​នៅក្បែរបងប្រុស​បង្កើត​​របស់ខ្លួន៕