(ម៉ូស្គូ)៖ ក្មេងស្រីម្នាក់​អាយុ ០៥ឆ្នាំ និងម្ដាយ​របស់នាង បានស្ថិតនៅក្នុង​ចំណោមជនរង​គ្រោះទាំង ៧១នាក់ ដែល​បាន​បាត់បង់ជីវិត​នៅក្នុងគ្រោះថ្នាក់​ធ្លាក់យន្ដហោះ​ដឹកអ្នកដំណើរ​រុស្ស៊ីមួយគ្រឿង កាលពី​ថ្ងៃអាទិត្យ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Daily Mail នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៨។

ក្មេងស្រីឈ្មោះ ណាដេហ្សដា ក្រាសូវ៉ា (Nadezhda Krasova) បានស្លាប់ជាមួយ​នឹងម្ដាយរបស់​នាងឈ្មោះ អូកសាណា ក្រាសូវ៉ា (Oksana Krasova) អាយុ ៣២ឆ្នាំ បន្ទាប់ពី​យន្ដហោះ អាន់តូណូវ (Antonov An-148) នៃក្រុមហ៊ុន​អាកាសចរណ៍រុស្ស៊ី Saratov Airlines បានធ្លាក់​នៅភូមិ អាហ្គូណូវ៉ូ (Argunovo) ស្ថិត​នៅ​ចំងាយ​ប្រមាណ ៨០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍​ទីក្រុង Moscow។ ម្យ៉ាងវិញទៀត ដូចជនរងគ្រោះ​ដទៃមួយ ចំនួន​ម្ដាយកូនទាំងពីរ​នាក់នេះ គឺជាអ្នកដំណើរ​មកទីក្រុង Orsk។

សូមជំរាបថា អ្នកដំណើរ ៦៥នាក់ និង​​អាកាសយានិក ០៦នាក់ ជិះនៅ​លើ​​​យន្ដហោះ​​​​ដែលធ្លាក់​ កាលពី​ថ្ងៃអាទិត្យ​​ត្រូវគេ​អះអាងថា បានស្លាប់ទាំងអស់ រីឯមូលហេតុ​នៃ​សោកនាដកម្ម​នេះ​ មិនត្រូវបញ្ជាក់​ឱ្យ​ច្បាស់នៅ​ឡើយទេ ខណៈ​ក្រុមអ្នក​ស៊ើបអង្កេត​​សន្និដ្ឋាន​​ជាបឋមថា អាចមកពី​បញ្ហា​អាកាសធាតុ កត្តាមនុស្ស និងបញ្ហា​​បច្ចេកទេស។ ចំណែកឯ​អាជ្ញាធរ​រុស្ស៊ី​បានប្រកាសកាន់ទុក្ខ​ ដល់ជនរងគ្រោះ​ទាំងអស់រយៈពេល​មួយថ្ងៃ នៅថ្ងៃចន្ទនេះ​៕