(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក​បានសម្ដែង​មរណៈទុក្ខ និងការសោកស្ដាយ​យ៉ាងជ្រាវជ្រៅ​ ដល់ក្រុមគ្រួសារ​សាច់ញាតិ​ជនរង​គ្រោះទាំង ៧១នាក់ ដែលបាត់បង់ជីវិត​នៅក្នុងគ្រោះថ្នាក់​ធ្លាក់យន្ដហោះ​រុស្ស៊ី An-148 កាលពី​ថ្ងៃអាទិត្យ នៅក្បែរ ទីក្រុងម៉ូស្គូ។ នេះបើតាម​សេតវិមាន ចុះផ្សាយបន្ត​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែង​ការណ៍​របស់ខ្លួន សេតវិមានបាន​គូសបញ្ជាក់​ដូច្នេះថា «សហរដ្ឋអាមេរិក​មានការសោកស្ដាយ​យ៉ាង ជ្រាលជ្រៅ​ ចំពោះសោកនាដកម្ម​បាត់បង់​អាយុជីវិត នៅក្នុង​គ្រោះ​ថ្នាក់​ធ្លាក់យន្ដហោះ​ នៃជើងហោះហើរ​ ៧០៣ របស់​ក្រុមហ៊ុន​អាកាសចរណ៍ សារ៉ាតូវ (Saratov Airlines)។ យើងក៏សូមចូលរួម​សម្ដែងនួវមរណៈទុក្ខយ៉ាងក្រៀមក្រំ​ផងដែរ​ ដល់ក្រុម គ្រួសារសាច់ញាតិ​ជនរងគ្រោះ​ ដែលបានបាត់​មនុស្សជាទី​ស្រឡាញ់ និងប្រជាជន​រុស្ស៊ីទាំង​មូល»

គួរបញ្ជាក់ថា អ្នកដំណើរ ៦៥នាក់ និង​អាកាសយាននិក ០៦នាក់ ជិះនៅ​លើ​​យន្ដហោះ​​​ដែលធ្លាក់​ កាលពី​ថ្ងៃអាទិត្យ​ត្រូវគេ​អះអាងថា បានសម្លាប់​ទាំងអស់ រីឯមូលហេតុ​នៃសោកនាដកម្ម​នេះ​ មិនត្រូវបញ្ជាក់​ឱ្យច្បាស់នៅ​ឡើយទេ ខណៈ​ក្រុមអ្នក ស៊ើបអង្កេត​សន្និដ្ឋាន​ជាបឋមថា អាចមកពី​បញ្ហា​អាកាសធាតុ កត្តាមនុស្ស និងបញ្ហា​បច្ចេកទេស៕