(វ៉ាស៊ីនតោន)៖ ភាព​ស្រពិចស្រពិល​នៃវិស័យអវកាស កាន់តែខិតជិត​ដល់មែនទែន​​ហើយ ដោយ​ពេល​នេះ​​​រដ្ឋបាល លោក ដូណាល់ ត្រាំ កំពុង​តែរៀបចំ​​​ផែនការ ក្នុងការកាត់ផ្តាច់​​ជំនួយទាំង​ស្រុង​តែម្តង ចំពោះស្ថានីយ​​​អវកាស​​​អន្តរជាតិ ISS ហើយ​ព្រលែងវា​​ទៅឲ្យវិស័យ​​​ឯកជនជាអ្នក​គ្រប់គ្រង​បន្តវិញ ដែលប្រការនេះ​​​នឹង​ធ្វើឲ្យរដ្ឋបាល​​អាមេរិក ចំណេញ​​បាន​ថវិកា ០៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយ Telegraph របស់​អង់គ្លេស នាព្រឹក​​ថ្ងៃចន្ទ​ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ចំពោះ​គំរោងនេះ គឺត្រូវបានបញ្ចេញ​​ប៉ុន្មានសប្តាហ៍​កន្លង​មក​ហើយ ប៉ុន្តែភាព​ច្បាស់​​ការខ្លាំង​ទើបតែកើត​ឡើង​នាពេលនេះ​​ប៉ុណ្ណោះ ដោយវាអាចនឹង​ត្រូវអនុវត្តន៍ ចាប់ពី​ឆ្នាំ២០២៤តទៅ ប្រសិនបើសភា​នាពេលខាង​មុខនេះ អនុម័តតាមសេចក្តីព្រាង​របស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលកំពុងឈរលើ​គោល​នយោបាយ​ សន្សំសំចៃ​ថវិកា​ជាតិនោះ។

សម្រាប់អ្នកគាំទ្រ​ចំពោះអ្វីដែល ISS បាន និងកំពុងធ្វើប្រតិបត្តិការ​នោះ កំពុងតែមានការ​ព្រួយបារម្ភ​ខ្លាំងថា ការសម្រេចដក​ជំនួយរបស់អាមេរិក​ នារយៈពេលប៉ុន្មានឆ្នាំ​ខាងមុខនេះ នឹងធ្វើឲ្យ​ស្ថានីយ​អវកាស ធំជាងគេតែមួយ​លើកលោកនេះ ជួបបញ្ហាធំ ព្រោះចាប់តាំង​ពីការ​ដំណើរការ​ជាផ្លូវការពី​ឆ្នាំ១៩៩៨ មកទល់នឹង​បច្ចុប្បន្ន អវកាស​យានិក និងអ្នកជំនាញ​នានា​​មកពី ១៧ប្រទេស បានប្រាស្រ័យ​ផលប្រយោជន៍​ និងចូលរួមអភិវឌ្ឍន៍នៅលើនោះរួចមក​ហើយ។

ទោះបីជា​មានការព្រួយបារម្ភលេច​ឮច្រើនឡើងៗក៏ដោយ ឯកសារផ្ទៃ​ក្នុងរបស់ NASA ត្រូវបាន​ទម្លាយឲ្យ​ដឹងថា ក្នុងករណី​ដែលរដ្ឋាភិបាល​សហព័ន្ធអាមេរិក សម្រេចឈប់​ផ្តល់ជំនួយដោយ​ផ្ទាល់ដល់ទីភ្នាក់ងារអវកាសនេះ​ក៏ដោយ ក៏សេតវិមាននឹង​គ្មានគំរោងបោះបង់​ចោល​មន្ទីរ​ពិសោធន៍លើអាកាសនេះ​ទាំងស្រុងដែរ ហើយអាមេរិក​នឹងទាក់ទាញ​វិស័យឯកជន ឲ្យមក​បន្តទ្រទ្រង់​​ស្ថានីយអវកាស ISS ដើម្បីអាចបន្តសកម្មភាព​ទៅមុខដោយ​គ្មានបញ្ហា។

គួរបញ្ជាក់ថា ការប្រកាស​​ផ្តាច់ជំនួយ​ពី ISS នេះគឺមិនមែន​ជា​រឿងដែល​​រដ្ឋបាល ត្រាំ ទើបគិត​គូរនោះ​​ឡើយ ហើយ​​ប្រការនេះ​យើងអាច​សំឡឹង​ទៅមើល​សកម្មភាព​របស់​ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុន​​បច្ចេកវិទ្យា-អវកាស​​ឯកជន កំពុងតែមាន​សន្ទុះខ្លាំង ដូច្នេះ​អាមេរិក​មានគោលដៅ​ឲ្យ​ស្ថានីយអវកាស ក្លាយជាទីតាំង​ដែលវិស័យឯកជន​អាចធ្វើការវិនិយោគ​​ផងដែរ ដែលវានឹងអាច​ជម្រុញល្បឿននៃ​ការអភិវឌ្ឍ និងជាការរក្សា​ថវិកាជាតិ​បានមួយផ្នែក៕