(វ៉ាស៊ីនតោន)៖ ប្រជាជន​កូរ៉េខាងជើង​ភាគច្រើនគិតថា ការបង្រួបបង្រួមគ្នា​ជាមួយកូរ៉េខាងត្បូង​ គឺជារឿង​ចាំបាច់​ពីព្រោះ កូរ៉េទាំងពីរកើត​ចេញពីពូជសាសន៍​តែមួយ។ នេះបើតាម​ការស្ទង់មតិ​មួយ​ដកស្រង់​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ការស្ទង់មតិក្រោម​គំរោង Beyond Parallel នៃវិទ្យាស្ថាន​យុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ របស់​សហរដ្ឋអាមេរិក បានសម្ភាសន៍ប្រជាជនកូរ៉េខាងជើង ៣៦នាក់ ដែលរស់​នៅក្នុង​រដ្ឋ​កុម្មុយនីស្ដ​មួយនេះ ក្នុងរយៈពេលមិន​កំណត់មួយ​ក្រោយ​ឆ្នាំ២០១៦។

លើសពីនេះ​ទៅទៀត ការស្ទង់មតិ​នេះ​បានរកឃើញថា ប្រជាជនកូរ៉េខាងជើង ៣៤នាក់ ឬស្មើនឹង ៩៤ភាគរយ ក្នុងចំណោម​អ្នកត្រូវបាន​សាកសួរ គិតថា ការ​បង្រួប​បង្រួមជាតិ​ជាមួយកូរ៉េខាងត្បូង​ គឺជារឿង​ចាំបាច់​ក្នុងនោះ ៤៤ភាគរយ យល់ថា ចាំបាច់ត្រូវរួមគ្នាដោយសារ​តែកូរ៉េទាំងពីរ កើតចេញពី​ពូជសាសន៍​តែមួយ និង ២៩.៤ភាគរយគិតថា ក្រោម​ហេតុ​ផល​សេដ្ឋកិច្ច ខណៈ ១៤.៧ភាគរយថា ដើម្បីដោះស្រាយបញ្ហា​ប្រជាជនកូរ៉េ​ ដែលបានព្រាត់ប្រាស​គ្នាក្នុង​សង្រ្គាមកូរ៉េ។

គួរបញ្ជាក់ថា ប្រជាជន​កូរ៉េខាងជើង​ត្រូវបាន​សម្ភាសន៍​មានបុរស ២០នាក់ និងស្ត្រី ១៦នាក់ មានអាយុ​ចន្លោះពី ២៨ ដល់ ៨០ឆ្នាំ។ ពួកគេរស់​នៅក្នុងខេត្ត​ចំនួន ០៨ ផ្សេងៗពីគ្នា​របស់​កូរ៉េខាងជើង ហើយអ្នកខ្លះ​គឺជាកម្មករ វេជ្ជបណ្ឌិត ប្រធាន​ក្រុមហ៊ុន និងកម្មកររោងចក្រ​ជាដើម។ ដោយឡែក​កាលពី​ឆ្នាំ២០១៧ ការស្ទង់មិតរបស់​ទីក្រុងសេអ៊ូល ក៏បានបង្ហាញ​ដែរថា ប្រជាជនកូរ៉េខាងត្បូង ៥៧.៨ភាគរយ ចង់ឱ្យកូរ៉េ​ទាំងបង្រួប​បង្រួម​គ្នា៕