(ឡុងដ៍)៖ ការិយាល័យកិច្ច​ការបរទេស​អង់គ្លេស​បានឱ្យដឹងថា ជនជាតិអង់គ្លេស ០៣នាក់ បានស្លាប់នៅក្នុង​គ្រោះថ្នាក់ធ្លាក់ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿងនៅឯតំបន់ Grand Canyon នៅក្នុង​សហរដ្ឋអាមេរិក​ កាលពីយប់ថ្ងៃសៅរ៍ (ម៉ោងនៅ​អាមេរិក)។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមការិយាល័យ​កិច្ចការបរទេស​អង់គ្លេស ជនជាតិអង់គ្លេស​ទាំងបីនាក់​​បានបាត់បង់ជីវិត​ បន្ទាប់ពីឧទ្ធម្ភាគចក្រ ទេសចរណ៍​ដែលពួកគេជិះ​បានធ្លាក់​នៅឯ ហ្គ្រេន Grand Canyon នៃរដ្ឋ Arizona សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ ការិយាល័យ​មួយនេះ​ក៏បានឱ្យដឹងថា ពួកគេបានផ្ដល់ការគំាទ្រ​ទៅកាន់ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ និងជនជាតិ​អង់គ្លេស បីនាក់ផ្សេងទៀតដែលបាន​រងរបួស។

គួរបញ្ជាក់ថា គ្រោះថ្នាកធ្លាក់ឧទ្ធម្ភាគចក្រខាងលើ កើតឡើងនៅម៉ោងប្រមាណជា ៧៖២០នាទីយប់ កាលពីថ្ងៃសៅរ៍ ប៉ុន្តែទន្ទឹមគ្នាមូលហេតុ​នៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបាន​គេបញ្ជាក់នៅ​ឡើយទេ៕