(ម៉ូស្គូ)៖ យោងតាមសារព័ត៌មានរបស់រុស្ស៊ី ចុះផ្សាយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតបានបង្ហាញថា អ្នកបើកបរយន្តហោះបានរាយការណ៍ស្តីអំពីបញ្ហាខូចម៉ាស៊ីន ហើយបានស្នើសុំអនុញ្ញាតឲ្យមានការចុះចតជាបន្ទាន់មួយ នៅអាកាសយាន្តដ្ឋាន Zhukovsky International Airport ដែលស្ថិតនៅជិត ទីតាំងធ្លាក់យន្តហោះនោះ។ ប៉ុន្តែយ៉ាងណាក្តី ក្រុមមន្ត្រី មិនទាន់បានបញ្ជាក់ ពាក់ព័ន្ធនឹងការអះអាងនេះ នៅឡើយនោះទេ។

ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះនេះ, រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី លោក Maksim Sokolov បានបញ្ជាក់ថា «អ្នកធ្វើដំណើរចំនួន៦៥នាក់ និងសហសេវិកយន្តហោះ ចំនួន៦នាក់ ដែលជិះនៅលើនោះ បានស្លាប់បាត់បង់ជីវិតទាំងអស់»

គួរជម្រាបថា ជើងហោះហើរលេខ៧០៣ ដែលប្រតិបត្តិ ដោយក្រុមហ៊ុន Saratov Airlines ផ្ទុកដោយអ្នកធ្វើដំណើរ៦៥នាក់ និងសហសេវិក៦នាក់ បានហោះចេញពី អាកាសយាន្តដ្ឋាន Domodedovo ឆ្ពោះទៅកាន់ទីក្រុង Orsk របស់រុស្ស៊ី នៅពេលដែលវាបានធ្លាក់ នៅជិតភូមិ Argunovo មានចម្ងាយជាង៨០គីឡូម៉ែត្រ ភាគខាងត្បូង ឆៀងខាងលិចទីក្រុង Moscow៕