(ម៉ូស្គូ)៖ ប្រធានក្រុមហ៊ុនឧស្សហកម្ម​ការពារជាតិ​រុស្ស៊ី Rostec លោក ស៊ីហ្គៃ ជែមែសូវ (Sergey Chemezov) បាន​និយាយថា ទីក្រុងម៉ូស្គូ​បានត្រៀម​ខ្លួនរួចជា​ស្រេច​ ក្នុងការលក់​ប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស S-400 ឱ្យគ្រប់​ប្រជាជាតិ​ទាំងអស់​រួមទាំង សហរដ្ឋអាមេរិក បើសិនជាពួក​គេមានអារម្មណ៍​ថា ខ្លួនគ្មាន​សុវត្ថិភាព និងចង់បានប្រព័ន្ធ​មីស៊ីល​មួយនេះ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ​ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Sergey Chemezov ធ្វើការកត់​សម្គាល់បែបនេះ​ នៅក្នុងបទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Wall Street Journal នៅក្នុង​សប្ដាហ៍​នេះ។ ប្រធាន​ក្រុមហ៊ុន Rostec រូបនេះបាន​គូសបញ្ជាក់​ដូច្នេះថា «ប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស S-400 មិនមែន​ជាប្រព័ន្ធឈ្លានពាន​នោះទេ ផ្ទុយទៅវិញវា​គឺជាប្រព័ន្ធការពារ​ដ៏ប្រសិទ្ធិភាព... ដូច្នេះ​យើងបាន ត្រៀមខ្លួន​រួចជាស្រេច ​ក្នុងការលក់ប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស ឱ្យគ្រប់ប្រជាជាតិ​ទាំងអស់​រួមទាំង សហរដ្ឋអាមេរិក បើសិនជា​ពួកគេមាន​អារម្មណ៍ថា ខ្លួនគ្មាន​សុវត្ថិភាព និងចង់បានប្រព័ន្ធ​មីស៊ីល​មួយនេះ»

គួរបញ្ជាក់ថា S-400 អភិវឌ្ឍន៍​ឡើង​ដោយ Almaz Central Design Bureau របស់រុស្ស៊ី​ត្រូវបានដាក់ឱ្យ​ដំណើរការ ​ចាប់តាំងពី​ឆ្នាំ២០០៧ ហើយវាមាន​សមត្ថភាពបាញ់កម្ទេចគោលដៅ​ ស្ថិតនៅចំងាយ​ពី ៤០ ដល់ ៤០០គីឡូម៉ែត្រ។ ប្រព័ន្ធមីស៊ីល​ការពារដែនអាកាសនេះ​ មានតម្លៃប្រមាណជា ២.៥ពាន់​លានដុល្លារ៕​