(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបង្ហាញសម្តែងសមានចិត្តរំលែកទុក្ខ និងបានចេញបញ្ជាឲ្យគណៈរដ្ឋមន្ត្រីរបស់លោក បង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សទាំងអស់៧១នាក់ ជិះនៅលើយន្តហោះនោះ។ នេះតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយបន្តបន្ទាប់ឲ្យដឹងនៅមុននេះបន្តិច នាយប់ថ្ងៃទី១១ ខែកុម្ភៈនេះ។

ជើងហោះហើរលេខ៧០៣ ដែលប្រតិបត្តិដោយក្រុមហ៊ុន Saratov Airlines ផ្ទុកដោយអ្នកធ្វើដំណើរ៦៥នាក់ និងសហសេវិក៦នាក់ បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo ឆ្ពោះទៅកាន់ទីក្រុង Orsk របស់រុស្ស៊ី នៅពេលដែលវាបានធ្លាក់ក្បែរជិតភូមិ Argunovo មានចម្ងាយជាង៨០គីឡូម៉ែត្រ ភាគខាងត្បូង ឆៀងខាងលិចទីក្រុង Moscow។

​បំណែកយន្តហោះនិងសាកសពមនុស្សជាច្រើន ត្រូវបានគេរកឃើញ នៅជិតភូមិ Stepanovskoe, នេះបើតាមការបញ្ជាក់ពី ក្រុមជួយសង្គ្រោះ។

អាជ្ញាធរអាកាសចរណ៍រុស្ស៊ី (Rosaviatsia) បានបញ្ជាក់ថា យន្តហោះ ប្រភេទ AN-148 បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo​ នៅវេលាម៉ោង២៖២១នាទីល្ងាច ហើយបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាភ្លាមៗ ក្រោយពីហោះឡើងបានបន្តិច។

ក្រុមអ្នកជួយសង្គ្រោះ, រថយន្តសង្គ្រោះបន្ទាន់ និងក្រុមមន្ត្រីពន្តត់អគ្គីភ័យ បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ហើយបើកនូវប្រតិបត្តិការរបស់ខ្លួន។ បើតាមសម្តីលោក Andrei Kulakov អភិបាលស្រុក Ramenskoe បានប្រាប់ឲ្យដឹងថា «ព្រិលធ្លាក់មានជម្រៅជ្រៅ ដូច្នេះយើងត្រូវការបរិក្ខាធន់ធ្ងន់ ដើម្បីធ្វើប្រតិបត្តិការនៅកន្លែងដែលយន្តហោះធ្លាក់»

គួររំឮកថា កាលពីខែធ្នូ ឆ្នាំ២០១៦, យន្តហោះ​មួយគ្រឿងរបស់រុស្សី ដែលធ្វើដំណើរទៅកាន់ស៊ីរី ផ្ទុកដោយក្រុមតន្ត្រីយោធា ដើម្បីប្រគុំកម្សាន្ត ជូនទៅដល់កងកម្លាំងរុស្ស៊ីនៅទីនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅភ្លាមៗ បន្ទាប់ពីហោះឡើងបានបណ្តាលឲ្យមនុស្ស​៩២នាក់ ដែលជិះនៅលើនោះស្លាប់បាត់បង់ជីវិតទាំងអស់​៕