(ម៉ូស្គូ)៖ យោងតាមសារព័ត៌មាន Skynews ដែលបានចុះផ្សាយជាបន្តបន្ទាប់ នាយប់ថ្ងៃទី១១ ខែកុម្ភៈនេះ បានឲ្យដឹងថា​ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ផ្ទុកដោយមនុស្សចំនួន៧១នាក់ ដែលបានធ្លាក់នៅក្នុងប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្សជិះនៅលើនោះ ស្លាប់បាត់បង់ជីវិតទាំងអស់។

ជើងហោះហើរលេខ AN-148 បានបាត់ខ្លួន ចេញពីប្រព័ន្ធរ៉ាដា ភ្លាមៗបន្ទាប់ពីបានហោះឡើង ចេញពីអាកាសយាន្តដ្ឋាន Domodedovo នាទីក្រុង Moscow។

យន្តហោះ ត្រូវបានគេរាយការណ៍ថាបានធ្លាក់ នៅជិតភូមិ Argunovo ជាតំបន់ស្ថិតនៅក្នុងទីក្រុង Moscow។

ក្រោយដឹងដំណឹងភ្លាមៗ ក្រុមសង្គ្រោះបន្ទាន់ បានបញ្ជូនមន្ត្រីរបស់ខ្លួន ទៅកាន់កន្លែងកើតហេតុ។

ជើងហោះហើរដឹកអ្នកដំណើរក្នុងស្រុកនេះ ត្រូវបានប្រតិបត្តិដោយ ក្រុមហ៊ុនអាកាសចរណ៍ Saratov ហើយបានផ្ទុកដោយអ្នកធ្វើដំណើរ ចំនួន៦៥នាក់ ជាមួយនឹងសហសេវិកយន្តហោះ ចំនួន៦នាក់។

យន្តហោះនេះ មានគោលដៅហោះទៅកាន់ ទីក្រុង Orsk នៃតំបន់ភ្នំ Urals របស់រុស្ស៊ី។

យោងតាមប្រព័ន្ធរ៉ាដា នៃជើងហោះហើរ បានបង្ហាញថា យន្តហោះនេះ បានហោះឡើង នៅវេលាម៉ោង១១៖២២នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយ៥នាទី ក្រោយពីការហោះឡើង វាបានបាត់សញ្ញា ចេញពីប្រព័ន្ធរ៉ាដា។

សាក្សីឃើញផ្ទាល់ភ្នែក នៅក្នុងភូមិ បានប្រាប់សារព័ត៌មានក្នុងតំបន់ថា ពួកគេបានឃើញយន្តហោះ​ឆេះ ធ្លាក់មកពីលើមេឃ៕