(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា កំពុងលេងល្បែងយុទ្ធសាស្ត្រព្រួញមួយ បាញ់បានសត្វពីរតាមរយៈការអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៉ិន ឱ្យមកបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងជើង។ ព្រួយមួយបាញ់បានសត្វពីរ មួយគឺចង់ទាញកូរ៉េខាងត្បូងឱ្យងាកចេញពីសហរដ្ឋអាមេរិកបន្តិចៗម្ដង និងមួយទៀត ចង់បង្ហាញពី ពិភពលោកថា ខ្លួនបានបន្ទន់ឥរិយាបថចង់ស្វែងរកការផ្សះផ្សាជម្លោះជាមួយទីក្រុងសេអ៊ូល។ ប៉ុន្តែអ្វីដែលគេចង់ដឹងនៅពេលនេះគឺថា លោក មូន ហ៊ានទៅ ឬមិនហ៊ានទៅបំពេញ ទស្សនកិច្ចទៅកាន់កូរ៉េខាងជើង?

១៖ ករណីលោក មូន ជែនអ៉ិន នឹងទៅបំពេញទស្សនកិច្ចទៅព្យុងយ៉ាង

នៅក្នុងជំនួបពិភាក្សារវាង​លោក មូន ជែអ៉ិន និង​​​​​ប្រតិភូកូរ៉េខាងជើង រួមមានប្រធានសភាលោក គីម យ៉ុងណាំ, ប្អូនស្រី​បង្កើតលោក គីម ជុនអ៊ុន គឺអ្នកនាង គីម យ៉ូចុង ដែល​ត្រូវបានបញ្ជូនមកកូរ៉េខាងត្បូង ក្នុងនាមជាប្រេសិតពិសេសរបស់ លោក គីម ជុងអ៊ុន ​ព្រម​ទាំង​​មន្រ្តីជាន់ខ្ពស់ពីររូបទៀត​កាលពីថ្ងៃសៅរ៍ លោក មូន បានទទួលលិខិតមួយច្បាប់ពី​​អ្នក​នាង គីម យ៉ូចុង ដោយ​​វា​គឺជា​​លិខិត​ផ្ទាល់​របស់​​លោក គីម ជុងអ៊ុន។ បើទោះបីនៅក្នុងលិខិតមិនបានសរសេរអំពីការអញ្ជើញលោក មូន ទៅបំពេញទស្សនកិច្ចនៅព្យុងយ៉ាងក៏ដោយ ស្ថិតនៅក្នុងជំនួបនោះប្អូនស្រីបង្កើតលោក គីម ជុនអ៊ុន បានថ្លែងអញ្ជើញ​លោក មូន ទៅធ្វើទស្សនកិច្ច ​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ជើង ដោយស្រង់តាមសម្តីមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង។ ហើយ​​ក្នុង​​លិ​ខិតនោះលោក គីម ជុងអ៊ុន ក៏បានបង្ហាញពីឆន្ទៈក្នុងការកសាងទំនាក់ទំនង ​​រវាង​ប្រទេសទាំងពីរឲ្យល្អប្រសើរផងដែរ។

ជុំវិញរឿងនេះដែរ​ក្រុមអ្នកជំនាញយល់ផ្សេងៗពីគ្នា ដោយអ្នកខ្លះថា លោក មូន នឹងទទួលយកសំណើនេះ ដ្បិតវាគឺជាផ្នែកមួយនៃការសន្យារបស់លោក មុននិងក្រោយជាប់ឆ្នោតជា ប្រធានាធិបតីកូរ៉េខាងត្បូងថា លោកនឹងប្រើប្រាស់គ្រប់លទ្ធភាពទាំងអស់ ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះទោះមិនទាន់បញ្ជាក់ចម្លើយ​ តែលោក មូន បាននិយាយថា កូរ៉េទាំងពីរគួរតែធ្វើឱ្យរឿងបែបនេះកើតឡើង។ តើលោក មូន ហ៊ានលះបង់សម្ព័ន្ធ ដើម្បីបងប្អូននៃប្រជាជាតិកូរ៉េទាំងពីរ។

លើសពីនេះទៅទៀត លោក មូន ក៏មិនចង់ប្រឈមមុខនឹងប្រជាជនកូរ៉េខាងត្បូងភាគច្រើន ដែលចង់ឱ្យទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរប្រសើរឡើងនោះទេ។ ពោលគឺនៅត្រង់ចំណុចនេះ បើសិនជាលោក មូន មិនព្រមទទួលយកសំណើរបស់លោក គីម នោះលោកនឹងត្រូវប្រឈមមុខជាមួយប្រជាជនខ្លួនឯងផង និងកូរ៉េខាងជើងផង។ ប្រឈមមុខនឹងប្រជាជនខ្លួនឯង គឺត្រូវគេចោទថា មិនគោរពតាមសន្យា រីឯប្រឈមមុខនឹងទីក្រុងព្យុងយ៉ាង នោះគឺកូរ៉េខាងជើងអាចនឹងប្រើលេសនេះបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដោយប្រាប់ពិភពលោកថា ខ្លួនចង់ស្វែងរកការផ្សះផ្សាហើយ តែខាងសេអ៊ូលមិនព្រម ដូច្នេះខ្លួនគ្មានជម្រើសអ្វីក្រៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរទុកការពារខ្លួននោះឡើយ។

២៖ ក្នុងករណីលោក មូន នឹងមិនទៅបំពេញទស្សនកិច្ចនៅព្យុងយ៉ាង

ចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់នៅឆ្នាំ១៩៥៣ មកទល់បច្ចុប្បន្ន ឧបទ្វីបកូរ៉េ នៅតែស្ថិតនៅក្រោមស្ថានភាពប្រកាសសង្រ្គាមគ្រប់ពេលវេលា ព្រោះកូរ៉េទាំងពីរបានចុះហត្ថលេខាត្រឹមតែ បទឈប់បាញ់តែប៉ុណ្ណោះ។ តាមរយៈស្ថានភាពបែបនេះ ទីក្រុងសេអ៊ូល បានសម្រេចចិត្តយកសហរដ្ឋអាមេរិកធ្វើជាឆ័ត្រការពារនុយក្លេអ៊ែរ ហើយតែងតែពិភាក្សាសឹងតែគ្រប់ កិច្ចការទាំងអស់ ដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង ជាមួយទីក្រុងវ៉ាស៊ីនតោន។

ដូច្នេះផ្ដើមចេញពីសម្ព័ន្ធភាពចាក់ឬសយ៉ាងជ្រៅដូច្នេះ គេពិបាករំពឹងណាស់ថា លោក មូន ជែអ៉ិន អាចនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ខណៈអាមេរិកកំពុងប្រមូលផ្ដុំសម្ព័ន្ធមិត្ត របស់ខ្លួនដាក់សម្ពាធ និងទណ្ឌកម្មសង្កត់ករបបដឹកនាំ លោក គីម ជុងអ៊ុន។ និយាយឱ្យចំការសម្រេចចិត្តចង់ត្រូវរ៉ូវគ្នា ជាមួយកូរ៉េខាងជើង អាចនឹងធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធភាព អាមេរិក-កូរ៉េខាងត្បូង និងជប៉ុន។ ម្យ៉ាងវិញទៀតលោក មូន ខ្លួនឯង រួមទាំងថ្នាក់ដឹកនាំកូរ៉េខាងត្បូង គ្រប់ជំនាន់មកហើយ សុទ្ធតែមិនទាន់ទុកចិត្តកូរ៉េខាងជើងទាំងស្រុងនោះទេ នៅក្នុងបរិបទដែលរដ្ឋកុម្មុយនីស្ដឯកោមួយនេះមាន អាវុធនុយក្លេអ៊ែរនៅក្នុងដៃ។

ជាក់ស្ដែងកាលពីថ្ងៃសៅរ៍ ថ្លែងនៅពេលចាកចេញពីកូរ៉េខាងត្បូង អនុប្រធានាធិបតីលោក Mike Pence ​បានក្រើនរំលឹក ទីក្រុងសេអ៊ូល រួចជាស្រេចទៅហើយ។ «ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងមិនបែកបាក់គ្នា ដោយសារតែកូរ៉េខាងជើងនោះទេ ជាពិសេសគឺពាក់ព័ន្ធនឹងភាពចាំបាច់នៃការដាក់សម្ពាធទាំងសេដ្ឋកិច្ច និងការទូត រហូតដល់ទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរ»។​ នេះជាការលើកឡើងរបស់លោក Mike Pence។ បន្ថែមពីលើនេះក្រៅតែប៉ះពាល់ដល់សម្ព័ន្ធភាពនេះ វាក៏នឹងបង្កជា ឧបសគ្គផងដែរ ដល់ការអនុវត្តទណ្ឌកម្មអង្គការសហប្រជាជាតិ ដែលកូរ៉េខាងត្បូងតែងតែអំពាវនាវជាប្រចាំឱ្យបណ្ដាប្រទេសទាំងអស់ចូលរួមដាក់ទណ្ឌកម្មប្រឆាំងទីក្រុងព្យុងយ៉ាង រហូតដល់យល់ព្រមដោះដៃពីកម្មវិធីអាវុធនុយក្លេអ៊ែរ និងត្រឡប់មករកតុចរចា០៦ភាគី វិញ (កិច្ចចរចា០៦ភាគី៖ មានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង កូរ៉េខាងជើង ចិន ជប៉ុន និងរុស្ស៊ី)។

គួររំលឹកថា ​​គិតចាប់តាំងតែពីសម័យស​ង្រ្គាមកូរ៉េមក ប្រទេសកូរ៉េទាំងពីរ ​ធ្លាប់បើកកិច្ចប្រជុំ​កំពូល​រវាងមេដឹកនាំ​ តែ០២​លើកគត់​គឺក្នុងឆ្នាំ២០០០ និងឆ្នាំ២០០៧ ដែលបានប្រព្រឹត្តទៅនៅឯរដ្ឋធានី ព្យុងយ៉ាង របស់កូរ៉េខាងជើងទាំងពីរលើក នៅពេលដែល​កូរ៉េ​ខាង​ត្បូង បានស្ថិត​ក្រោមការដឹកនាំរបស់រដ្ឋបាល​របស់លោក គីម ដេជុង (១៩៩៨-២០០៣) និង​លោក រ៉ូ មូយុន (២០០៣-២០០៨) ដែល​ជាអ្នកសេរីនិយម។ ប៉ុន្តែក្រោយជំនួបទាំងនេះ ស្ថានភាពនៅលើឧបទ្វីបកូរ៉េ បានជួបភាពស្ងប់ស្ថាត់ត្រឹមមួយរយៈពេលខ្លី។ អ្នកវិភាគមួយចំនួន បានព្យាករណ៍ថា ស្ថានភាពនៅ លើឧបទ្វីបកូរ៉េអាចនឹងជួបភាពតានតឹងជាថ្មី នៅដើមខែមេសាខាងមុខនេះ ប្រសិនបើទីក្រុង​សេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បន្តធ្វើសមយុទ្ធយោធារួមរបស់ខ្លួនឡើងវិញតាមកាលកំណត់នោះ បន្ទាប់ពីបានព្រម​ព្រៀង​គ្នាផ្អាកជាបណ្តោះសិន រហូតទាល់តែព្រឹត្តិការណ៍អូឡាំពិក​ (ពីថ្ងៃទី០៩ ដល់ទីថ្ងៃទី២៥ ខែកុម្ភៈ) និងប៉ារ៉ាឡាំពិក (ពីថ្ងៃទី០៩ដល់ថ្ងៃទី១៨ ខែមីនា) បញ្ចប់ជាស្ថាពរ​៕