(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង នឹងចូល រួមទស្សនាការសម្ដែងតន្ត្រីរបស់ក្រុមសិល្បៈករកូរ៉េខាងជើង នៅក្នុងទីក្រុងសេអ៊ូល។ នេះបើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមក្រុមមន្ត្រីកូរ៉េខាងត្បូង ការប្រគុំតន្ត្រីខាងលើនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យនេះ ហើយវានឹងក្លាយជាជំនួប លើកទី០៤រវាងលោក មូន និងអ្នកនាងគីម យូចុង ចាប់តាំងពីអ្នកទាំងពីរជួបស្វាគមន៍គ្នាទៅវិញទៅមក នៅអំឡុងពិធី បើកការប្រកួតកីឡាអូឡាំពិករដូវរងា ក្នុងទីក្រុង PyongChang កាលពីយប់ថ្ងៃសុក្រ។ ដោយឡែក មន្ត្រីប្រតិភូជាន់ខ្ពស់ កូរ៉េខាងជើង ក្នុងនោះរួមមានទាំងប្រធានសភាកូរ៉េខាងជើង លោក គីម យ៉ុងណាំ ក៏នឹងមានវត្តមានក្នុងការប្រគុំតន្រ្តីក្នុង ទីក្រុងសេអ៊ូល នេះដែរ។

គួររំលឹកថា ប្រតិភូកូរ៉េខាងជើង បានមកដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រ ហើយនឹងត្រូវត្រឡប់ទៅកូរ៉េខាងជើងវិញ នៅយប់ថ្ងៃអាទិត្យនេះ បន្ទាប់ពីចូលរួមទស្សនាការប្រគុំតន្ត្រីរបស់ក្រុមតន្ត្រីកូរ៉េខាងជើង Samjiyon Orchestra នៅ ម៉ោង០៧៖០០នាទីយប់ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) នៅឯមជ្ឈមណ្ឌសិល្បៈជាតិក្នុងទីក្រុងសេអ៊ូល៕