(សេអ៊ូល)៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងសេអ៊ូល នឹងកាន់តែជិតស្និតក្នុងបេះដូងនៃប្រជាពលរដ្ឋកូរ៉េទាំងពីរ ព្រមទាំងឈានទៅរកការបង្រួបបង្រួម និងរីកចម្រើន នាពេលអនាគតឆាប់ៗខាងមុខ» នេះជាខ្លឹមសារក្នុងលិខិតរបស់មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង គីម ជុងអ៊ុន ផ្ញើតាមរយៈប្អូនស្រីបង្កើត ប្រគល់ជូនផ្ទាល់ដៃចំពោះលោក មូន ជែអ៉ិន ប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ចេញពីព័ត៌មានកូរ៉េខាងត្បូង ចេញផ្សាយនៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ខ្លឹមសារលិខិតពីសំណាក់ប្រទេសកុម្មុយនីសកូរ៉េខាងជើង ចំពោះអតីតគូសត្រូវកូរ៉េខាងត្បូង បានបង្ហាញការបន្ទន់ឥរិយាបថជាប្រវត្តិសាស្រ្ត នៅក្នុងលិខិតនោះ «មេដឹកនាំរដ្ឋាភិបាល ក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន ថែមទាំងបានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នាពេលវេលាសមស្របណាមួយថែមទៀតផង»។ យ៉ាងនេះក្តីមិនទាន់មានការឆ្លើយតបបែបណាពីសំណាក់រដ្ឋាភិបាលក្រុង សេអ៊ូល ចំពោះការអញ្ជើញនេះនៅឡើយទេ។

លិខិត​អញ្ជើញនេះគឺជាលើកដំបូង​បំផុតមិនធ្លាប់មាននោះ​ឡើយ នៅក្នុង​ប្រវត្តិសាស្ត្រមេដឹកនាំ​កូរ៉េទាំងពីរ ហើយលិខិត​នេះត្រូវបានប្រគល់ជូនលោក មូន នៅក្នុង​ឱកាស​នៃកិច្ចពិភាក្សា​ទល់មុខគ្នា នាវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង (Blue House) រវាងថ្នាក់ដឹកនាំជាន់ខ្ពស់​រដ្ឋាភិបាលកូរ៉េខាងត្បូង និងគណៈប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង ដែលដឹកនាំលោក គីម យ៉ុងណាំ ប្រធានសភា​ជាន់ខ្ពស់ និងអ្នកនាង គីម យ៉ូចុង ដែលដើរតួនាទីជាតំណាង​ជាន់ខ្ពស់​ នៃបងប្រុសបង្កើតរបស់ខ្លួនតែម្តង៕