(អាមេរិក)៖ រថយន្តទំនើបមួយ​គ្រឿង Tesla Roaster ផ្ទុកអវកាស​យានិកជ័រ កំពុងតែអណ្តែត​ត្រសែត​នៅ​ទីអវកាស ក្រោយពីប្រធាន​ក្រុមហ៊ុន SpaceX បានចំណាយវា ដើម្បីពិសោធន៍​​អំពី​សមត្ថភាព នៃគ្រាប់រ៉ុក្កែតប្រភេទថ្មី​​របស់ខ្លួន ដែលអាចដឹកនាំ​ទម្ងន់បាន​រាប់សិបតោន រួមទាំងរថយន្ត​ទំនើប​ផងដែរ។ នេះបើតាម​ការដកស្រង់​រូបភាព​ពីគេហទំព័រ Space នៅល្ងាច​ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមអ្នកនាំពាក្យរបស់ SpaceX គិតម៉ោង ១០៖០០នាទីព្រឹកថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ រថយន្ត Tesla នេះបានទៅដល់ចម្ងាយ ៧២៣,៨៩៦គីឡូម៉ែត្រ ពីភពផែនដី ហើយធ្វើដំណើរ​ក្នុងល្បឿន ៣.៦១គីឡូម៉ែត្រ​ក្នុងមួយវិនាទី សំដៅទៅកាន់​ភពអង្គារ។ រថយន្តនេះនៅសល់​ចម្ងាយជាង ២៣៧លានគីឡូម៉ែត្រ​ទៀត ទើបទៅដល់ភពអង្គារ ដោយវានឹងអាច​ឈាន​ទៅដល់​ល្បឿនរហូត​ដល់ទៅ ២០គីឡូម៉ែត្រ​ក្នុងមួយវិនាទី (លឿនជាង Voyager ២ដង)។

សម្រាប់ការហោះទៅកៀកនឹងភពអង្គារខ្លាំង គឺនឹងកើតឡើង​នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ដោយវានឹងស្ថិត​នៅចម្ងាយតែជិត ១០០លានគីឡូម៉ែត្រ​ប៉ុណ្ណោះពី​ភពអង្គារ។ វាមិនមែន​សំដៅ​ទៅតែភព​អង្គារនោះទេ ដោយនៅពេលវេលា​វាបញ្ចប់តួនាទីនៅ​គន្លងគោចរ នៃភពអង្គារ​ទៅហើយនោះ វានឹងបន្តដំណើរ​ទៅឆ្លងកាត់ខ្សែក្រវាត់​អាចម៍ផ្កាយ ដែលស្ថិតនៅ​ចន្លោះភព​អង្គារ និងភពព្រហស្បតិ៍នោះ​ថែមទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន​អវកាសឯកជន​អាមេរិក SpaceX បានបាញ់បង្ហោះគ្រាប់​រ៉ុក្កែតដ៏ខ្លាំងជាងគេ​បង្អស់ ទៅកាន់លំហ​អាកាស ដោយ​នាំ​យករបស់​ដែលនាំយកវត្ថុនឹកស្មាន​មិនដល់មួយ ទៅកាន់ទីនោះថែមទៀត។ គ្រាប់រ៉ុក្កែត​ទម្ងន់ធ្ងន់​ Falcon Heavy ​បានហោះឡើងចាកចេញ​ពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា បាននាំយកវត្ថុ​ម៉្យាង​​គ្រាន់សម្រាប់​ជាការកម្សាន្តប៉ុណ្ណោះ គឺរថយន្ត Tesla Roadster ពណ៌ក្រហម ជាមួយអវកាសយានិក​សិប្បនិម្មិត ដែលជិះ​នៅលើ​នោះ ខណៈ​រថយន្តនោះ​​​ជាកម្មសិទ្ធិផ្ទាល់​របស់​​​ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla គឺ​មហាសេដ្ឋី​លោក Elon Musk។

Falcon Heavy មានសមត្ថភាព​នាំយកវត្ថុទម្ងន់​ ៦៣,៥០០គីឡូក្រាម​ ទៅកាន់គន្លង​កម្រិតទាបរបស់​ភពផែនដី ដែល​ប្រការនេះ​ធ្វើឲ្យវា​គឺជាគ្រាប់រ៉ុក្កែត​ ដែលមានសមត្ថភាពខ្លាំង​ជាងគេ​បំផុតលើកលោក ជាពិសេស​សម្រាប់ការបាញ់​បង្ហោះ​ផ្កាយ​រណប​ធំៗ ព្រមទាំងស្ថានីយ​អវកាសនា​ពេលអនាគត ទៅកាន់​ទីអវកាស។ ខណៈការធ្វើតេស្ត​នាសប្តាហ៍នេះ​របស់វា គឺជាការ​ស្ទាប​ស្ទង់មើល​ក៏ដូចជាការបង្ហាញ​ពី សមត្ថភាព​របស់គ្រាប់​រ៉ុក្កែតនេះ៕