(សេអ៊ូល)៖ នៅក្នុងឱកាស​នៃការប្រគល់​លិខិត អ្នកនាង គីម យ៉ូចុង ក៏បាន​ជំរាបជូន​លោកប្រធានាធិបតី​​​កូរ៉េខាងត្បូង​ផ្ទាល់មាត់​ថែមទៀតថា នៅក្នុងលិខិតនោះ​ «ក្រៅពីការ​អញ្ជើញលោក មូន ឲ្យទៅបំពេញ​ទស្សនកិច្ចនៅ​​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ថែមទាំង​បញ្ជាក់ពី​ឆន្ទៈ​ចង់​ធ្វើឲ្យ​ទំនាក់ទំនង​​កូរ៉េទាំងពីរ​​ បានប្រសើរ​ឡើងវិញ ហើយលោក គីម ទន្ទឹងរង់ចាំ​ជួប​ជាមួយ លោក មូន ក្នុងពេលវេលា​កាន់​តែឆាប់​ តាមដែល​អាចទៅរួច»។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

សម្រាប់លិខិត​អញ្ជើញខាងលើ ដែលលោក គីម ជុងអ៊ុន ផ្ញើតាមប្អូនស្រី​មកប្រគល់ជូន​ លោក មូន ជែអ៊ីន ដោយផ្ទាល់ដៃ​នេះ គឺជាលើកដំបូង​បំផុតមិនធ្លាប់មាននោះ​ឡើយ នៅក្នុង​ប្រវត្តិសាស្ត្រមេដឹកនាំ​កូរ៉េទាំងពីរ ហើយលិខិត​នេះត្រូវបានប្រគល់ ជូនលោក មូន នៅក្នុង​ឱកាស​នៃកិច្ចពិភាក្សា​ទល់មុខគ្នា រវាងថ្នាក់ដឹកនាំជាន់ខ្ពស់​រដ្ឋាភិបាលកូរ៉េខាងត្បូង និង គណៈប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង ដែលដឹកនាំលោក គីម យ៉ុងណាំ ប្រធានសភា​ជាន់ខ្ពស់ និងអ្នកនាង គីម យ៉ូចុង ដែលដើរតួនាទីជាតំណាង​ជាន់ខ្ពស់​ នៃបងប្រុសបង្កើតរបស់ខ្លួនតែម្តង។

គួរបញ្ជាក់ថា កិច្ចពិភាក្សា​ទល់មុខគ្នារវាង​ភាគីកូរ៉េទាំងពីរ ធ្វើឡើងនៅក្នុងវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Blue House ដោយក្នុងនោះ ប្អូនស្រី​លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង បាន​ប្រគល់សំបុត្រ​មួយដោយផ្ទាល់ ទៅកាន់​លោក មូន ជែអ៊ីន ដោយក្នុងនោះ​គឺជាលិខិត​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ ទៅបំពេញទស្សនកិច្ច​នៅកូរ៉េខាងជើង ក្នុងវេលា​​ដ៏សមស្រប​ណាមួយ៕