(ហុងកុង)៖ ក្រុមប៉ូលិសហុងកុង នៅថ្ងៃសៅរ៍នេះ បានជម្លៀសប្រជាជនជាង១,៣០០នាក់ និងបានបិទផ្លូវសំខាន់ៗដើម្បីជួយសម្រួលដល់ក្រុមមន្ត្រីជំនាញ ដើម្បីដោះ​រំសេវគ្រាប់បែក ទម្ងន់១,០០០ផោន (ជាង៤៥៣គីឡូក្រាម) ​បង្សល់ពីសង្គ្រាមលោកលើកទី២ ដែលត្រូវបានរកឃើញកប់នៅក្រោមដី នាទីតាំងសំណង់មួយកន្លែង ស្ថិតក្នុងស្រុក Wanchai, នេះបើយោងតាម ភ្នាក់ងារសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។

​គ្រាប់បែកនេះត្រូវបានរកឃើញ បន្ទាប់ពីកម្មករសំណង់ម្នាក់ បានទៅរាយការណ៍ប្រាប់ប៉ូលិស នាព្រឹកថ្ងៃសៅរ៍នេះ។ គ្រាប់បែករូបរាងជាបំពង់ដ៏ធំមួយនេះ មានប្រវែង១៤០សង់ទីម៉ែត្រ ហើយត្រូវបានរកឃើញ នៅជម្រៅ១៥ម៉ែត្រក្រោមដី។

នៅឯសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃនេះ, មន្ត្រីមកពីការិយាល័យកម្ទេចគ្រាប់បែក លោក Tony Chow បានឲ្យដឹងថា គ្រាប់បែកនេះមានទម្ងន់១,០០០ផោន ហើយអាចផ្ទុះខ្ចាយអំបែង ចម្ងាយចាប់ពី១,០០០ ទៅ២,០០០ម៉ែត្រឯណោះ។ ក្រុមប៉ូលិសបានដោះរំសេវគ្រាប់បែក នៅកន្លែងប្រទះឃើញតែម្តង ដោយសារវាមិនមានស្ថេរភាព ហើយមិនអាចដកយកចេញបាន។

ការដោះ​គ្រាប់បែកនឹងចាប់ផ្តើមធ្វើឡើងនៅយប់ថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ហើយបណ្តាផ្លូវនៅ​ជុំវិញតំបន់ Wan Chai North នឹងត្រូវបិទចាប់ពីពាក់កណ្តាលយប់តទៅ។

យោងតាមមន្ត្រីប៉ូលិស បានប្រាប់ឲ្យដឹងថា គ្រាប់បែកនេះបានបន្សល់មកពីសម័យសង្គ្រាមលោកលើកទី២ ដែលវាត្រូវបានទម្លាក់ចេញពីយន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក នៅចន្លោះឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥៕