(រីយ៉ាដ)៖ ទីបំផុតព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Alwaleed bin Talal ដែលជាមហាសេដ្ឋីនិងវិនិយោគិនដ៏ល្បីរន្ទឺមួយរូប​ប្រចាំរាជាណា​ចក្រមួយនេះផងដែរនោះ ត្រូវបានដោះលែងឲ្យមាន សេរីភាពវិញហើយ ក្រោយពីបានស្ថិតក្រោមការឃុំឃាំងអស់រយៈពេល​ជិត​បី​ខែ នៅឯសណ្ឋាគារប្រណិតមួយកន្លែង ក្នុងអំឡុងការបើកប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ ​របស់អារ៉ាប៊ីសាអូឌីត ទៅលើបញ្ហាអំពើ​ពុករលួយ។ នេះបើតាមប្រភពពីបុគ្គលដែលជិតស្និទ្ធនឹងព្រះអង្គម្ចាស់រូបនេះដកស្រង់សម្តីដោយសារព័ត៌មាន The Guardian នៅ​យប់ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

បើតាមប្រភពដដែល ព្រះអង្គម្ចាស់ Alwaleed ត្រូវបានដោះលែងចេញពីសណ្ឋាគារ Ritz-Carlton ដែលស្ថិតក្នុងទីក្រុងរីយ៉ាដ នា​ថ្ងៃ​សៅរ៍​នេះ ជាទីដែលទ្រង់ត្រូវបានគេឃាត់ឃាំងមិនឲ្យយាងចេញ ទៅណាមកណា ចាប់តាំងតែពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧​មក​ម្ល៉េះ។ ​យ៉ាងណាមិញគេពុំទាន់បានដឹងច្បាស់​ភ្លាមៗនៅឡើយទេថា តើការចរចាដោះស្រាយតាមផ្នែកហិរញ្ញវត្ថុ ឬក៏លក្ខខណ្ឌ​បែប​ណា ​ដែលខ្សែរាជវង្សអង្គនេះ បានព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ​ដើម្បីឈានដល់ការដោះលែងនេះនោះ។

នៅព្រឹកថ្ងៃជាមួយគ្នានេះ ថ្លែងក្នុងបទសម្ភាសន៍ពិសេសមួយ នៅឯសណ្ឋាគារ Ritz-Carlton ព្រះអង្គម្ចាស់ Alwaleed ក៏បាន​បង្ហើប​​ឲ្យ​​​ដឹង​ផងដែរថា នៅប៉ុន្មានថ្ងៃខាងមុខ​ទ្រង់នឹងរួចផុតពីបទចោទ ប្រកាន់នានា ហើយត្រូវដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ​ជាក់​ជា​ពុំ​ខាន​។ ដូចការរំពឹងទុក ឈានចូលដល់វេលាយប់ថ្ងៃសៅរ៍នេះ ក៏មានដំណឹងថាទ្រង់ត្រូវបានដោះលែងភ្លាមៗតែម្តង។

គួរជម្រាបថា ព្រះអង្គម្ចាស់ Alwaleed គឺជាប្រធានក្រុមហ៊ុន​ម្ចាស់ភាគហ៊ុន Kingdom Holding Company (KHC) ដែល​បាន​បណ្តាក់​ទុន​វិនិ​យោគ​​ទៅ​ក្នុងក្រុមហ៊ុនធំៗលើពិភពលោករួមមាន Twitter, Lyft, Apple ​និងក្រុមហ៊ុនមួយចំនួនទៀត នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប។ ព្រះ​អង្គ​ម្ចាស់ Alwaleed ត្រូវបានគេឃុំខ្លួនកាលពីខែវិច្ឆិកាឆ្នាំទៅ រួមជាមួយព្រះអង្គម្ចាស់ផ្សេងទៀតយ៉ាងតិច១០អង្គ ព្រម​ទាំង​ពាណិជ្ជករ​​ល្បីៗ ​និងក្រុមមន្រ្តីរដ្ឋាភិបាលជាច្រើនរូបទៀតរបស់អារ៉ាប៊ីសាអូឌីត ដែលជាប់សង្ស័យពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​៕