(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ក្រុមឧទ្ទាមតាលីបង់ បំផ្ទុះគ្រាប់បែកកក្រើករដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន បង្កឲ្យមនុស្សស្លាប់យ៉ាងតិច៦៣នាក់ និងប្រមាណ១៥១នាក់ទៀត​ទទួលរបួសធ្ងន់-ស្រាល។

២៖ ក្រុមហ៊ុន Boeing ទើបទទួលបានកុងត្រាតម្លៃ២៤លានដុល្លារ ពីសេតវិមាន ដើម្បីផ្លាស់ប្តូរប្រព័ន្ធទូរទឹកក ក្នុងយន្តហោះ​ពិសេស​សម្រាប់​ប្រធានាធិបតីអាមេរិក Air Force One។

៣៖ ចៅក្រមសហព័ន្ធអាមេរិក សម្រេចរារាំងមិនឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ អាចបណ្តេញជនជាតិខ្មែរចំនួន៩២នាក់ ចេញពី​ទឹក​ដី​​អាមេរិក​ភ្លាមៗនោះទេ។

៤៖ Messi ទទួល​កាដូ​ស្បែកជើង​ថ្មី​ពី Adidas ក្រោយ​ជួយ​ក្លឹប​​ប្រកៀក​ឈ្នះពានពីររដូវកាលនេះ។

៥៖ ការតម្លើងប្រព័ន្ធការពារមីស៊ីល Aegis របស់អាមេរិកនៅលើទឹកដីជប៉ុន កំពុងបង្កឲ្យ​ប្រទេសជិតខាង​មិនពេញ​ចិត្តជាខ្លាំង ជាពិសេសរុស្ស៊ី។

៦៖ ប្រតិភូកូរ៉េខាងត្បូង បញ្ចប់ទស្សនកិច្ចដ៏កម្របំផុត​ នៅទីក្រុងព្យុងយ៉ាង ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ត្រៀមសម្រាប់​ព្រឹត្តិ​ការណ៍អូឡាំពិករដូវរងារនាខែក្រោយ។

៧៖ អគ្គរដ្ឋទូតអាមេរិកនៅ UN លោកស្រី Nikki Haley ទាត់ចោលការចោទ​ប្រកាន់​​គួរឲ្យខ្ពើមរអើមថា ខ្លួន​លួច​មាន​ទំនាក់​ទំនង​ស្នេហា ជាមួយលោក ដូណាល់ ត្រាំ។