(កាប៊ុល)៖ មនុស្សសរុបកើនដល់ ៤០នាក់ និង ១៤០នាក់​ទៀត រងរបួសធ្ងន់-ស្រាល នៅក្នុងការបំផ្ទុះគ្រាប់បែក​យ៉ាងកក្រើក​រដ្ឋធានីកាប៊ុល នៃប្រទេស​​អាហ្វហ្គានីស្ថាន នៅថ្ងៃសៅរ៍នេះ ខណៈ​ទ្រព្យសម្បត្តិ​​សាធារណជាច្រើន ត្រូវបាន​បំផ្លិចបំផ្លាញ​ផងដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ សារព័ត៌មាន BBC នាល្ងាច​ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

ការបំផ្ទុះគ្រាប់បែក​ខាងលើនេះ ត្រូវបានប៉ូលិសទីក្រុង​កាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាត ទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារ​ចាស់ នៃក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មាន​​ពីការិយាល័យ​​សហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខ​ជាន់ខ្ពស់​ ប្រចាំនៅប្រទេស​អាស៊ីខាងត្បូងមួយនេះឡើយ។

គួរបញ្ជាក់តាមមន្ត្រី​ជំនាញអាហ្វហ្គានីស្ថានថា គ្រាប់បែកត្រូវបានគេដាក់បង្កៃ​នៅក្នុង​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​តែម្តង ខណៈការសង្ស័យ​អំពីជនបង្ក ត្រូវធ្លាក់​ទៅលើក្រុម​តាលីបង់ និង ISIS៕