(យូអិន)៖ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំអង្គការ​សហប្រជាជាតិ (UN) លោកស្រី Nikki Haley ដែលមានវ័យ ៤៦ឆ្នាំ និងបាន​​រៀប​ការ ២០ឆ្នាំមកហើយ ព្រមទាំងមាន​កូនពីរនាក់ផងនោះ បានច្រានចោល​រាល់​ពាក្យ​ចចាម​អារ៉ាមទាំងអស់ ដែលចោទ​លោកស្រីថា បានលួចមាន​ទំនាក់ទំនងស្នេហា​ ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ហើយលោកស្រី​ចាត់ទុកការចោទ​ទាំងបំពាន​​នេះថា ជារឿងដ៏គួរឲ្យ​ស្អប់ខ្ពើមបំផុត និងជាការប្រមាថ​ដ៏ធ្ងន់ធ្ងរមួយ​ផងដែរ។ នេះបើតាម​​ការចេញផ្សាយ​ដោយ Sputnik នារសៀល​ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

ជុំវិញការចោទប្រកាន់​ខាងលើនេះ លោកស្រី Nikki ដែលជាតំណាង​អាមេរិកនៅ UN ​«ខ្ញុំពិតជា​បានចូលទៅក្នុងយន្តហោះពិសេស Air Force One ហើយមនុស្សមួយចំនួន​ទៀត ក៏ស្ថិតនៅក្នុងបន្ទប់នោះដែរជាមួយខ្ញុំ។ វាជារឿងដ៏គួរឲ្យស្អប់​ខ្ពើមបំផុត និងជាការប្រមាថ​ដ៏ធ្ងន់ធ្ងរមួយ»

ការឆ្លើយតបធ្ងន់ៗ​ពី លោកស្រី Nikki Haley បានធ្វើឡើងបន្ទាប់​ពី លោក Michael Wolff អ្នកនិពន្ធ​សៀវភៅ Fire and Fury: Inside the Trump White House ឬ​ជាភាសាខ្មែរ​ប្រែថា «ភ្លើង និងកំហឹង៖ នៅខាងក្នុងសេតវិមាន ត្រាំ» ដែលមានរៀបរាប់​ពីរឿងរ៉ាវ​រសើបៗ​ជាច្រើន​ដែលត្រូវ​បាន លោក ដូណាល់ ត្រាំ​ ចាត់ទុក​ថា​គឺជារឿងប្រឌិត​ទាំងស្រុងនោះ បាន​អះអាង​ថា «លោក ត្រាំ កំពុងលួចលាក់មានស្នេហា ជាមួយនារីអាថ៌កំបាំងម្នាក់​នៅក្នុងសេតវិមាន»

អត្ថន័យ​ដែលធ្វើឲ្យ​ លោកស្រី Nikki ក្តៅស្លឹកត្រចៀក និងមាន​ការពិភាក្សាជុំទិសនៅក្នុង​បណ្តាញសង្គម ជាពិសេស Twitter នោះគឺ «លោកប្រធានាធិបតី​បានចំណាយ​​ពេលវេលា​ឯកជន មួយផ្នែក​ជាមួយនឹង លោកស្រី Nikki Haley នៅក្នុង​យន្តហោះ Air Force One ដែលត្រូវបាន​គេមើល​ឃើញថា ជាការណែនាំ​ទំនុកបម្រុង​លោកស្រី ដើម្បីទទួល​បាន​អនាគត​ផ្នែក​នយោបាយមួយ»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់​លោកស្រី Nikki Haley បានជម្រុញ​ឲ្យមានរលក​នៃ​ប្រតិកម្ម​ពីសំណាក់អ្នក​លេងអ៊ីនធឺណិត និងបណ្តាញ​សារព័ត៌មាន​អាមេរិកនានា ហើយមនុស្ស​ភាគ​ច្រើន​បានថ្កោលទោស លោក Wolff ចំពោះការសរសេរបែប​ស្មានៗ និងអ្នកខ្លះ​ទៀត​បាន​អះអាងថា លោកកំពុងដើរលើស​ពីខ្សែបន្ទាត់​កំនត់ហើយ៕