(សេអ៊ូល)៖ កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា​ថា នឹងនៅតែបន្ត​រួបរួមគ្នា ក៏ដូចជាធ្វើការងារ​រួមគ្នា​ ដើម្បីបំបែក​កូរ៉េខាងជើង ចេញពីកម្មវិធី​នុយក្លេអ៊ែរ។ នេះបើតាម​សេចក្តីថ្លែងការណ៍ពីមន្ទីរការពារជាតិ បញ្ចកោណ-អាមេរិក (Pentagon) ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀល​ថ្ងៃសៅរ៍ ២០ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ មន្ទីរ Pentagon បានលើក​ឡើងយ៉ាងដូច្នេះថា «មេដឹកនាំប្រទេស​ទាំងពីរ​នៅតែអះអាងពីសារៈសំខាន់ នៃភាពរឹងមំាក្នុងនាមជាសម្ព័ន្ធមិត្ត និងការប្រុងប្រយ័ត្ន​រួមទាំងការរួបរួមគ្នា​ក្នុងការប្រឈមមុខ​ ជាមួយនឹង​ការឈ្លានពាន​របស់​កូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ​ប្រទេសទាំងពីរ ក៏នៅតែបន្ត​ផងដែរនូវការ​ធ្វើការងារ រួបរួមគ្នា​ដើម្បីលុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅលើ​ឧបទ្វីបកូរ៉េ»

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍​ខាងលើធ្វើឡើង បន្ទាប់ពីជំនួប​រវាងអនុរដ្ឋមន្ត្រី​ការពារជាតិកូរ៉េខាងត្បូង លោក Suh Choo-suk និងសមភាគី​អាមេរិក លោក Pat Shanahan កាលពី​ថ្ងៃសុក្រ៕