(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ នៅ​ថ្ងៃសៅរ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) នឹងរៀបចំពិធី​ជប់លៀងមួយ​ នៅឯរម្មណីយដ្ឋាន Mar-a-Lago របស់​លោក​ក្នុងរដ្ឋផ្លូរីដា​ ដើម្បីប្រារព្ធខួប​មួយឆ្នាំ​គត់​ នៃការស្បថ​ចូលកាន់ដំណែង​ ជាប្រធានាធិបតី​អាមេរិក ហើយសំបុត្រ​ចូលរួមក្នុងពិធី​នេះ មានតម្លៃចាប់ពី ១០០,០០០ដុល្លារឡើងទៅ សម្រាប់ មនុស្ស​ពីរនាក់។ នេះបើតាម Bloomberg ដកស្រង់​ដោយ សារព័ត៌មាន CNBC នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

យោងតាម Bloomberg តម្លៃសំបុត្រខាង​លើនឹងត្រូវចំណាយ​ សម្រាប់ការទទួល​ទានអាហារ​ពេលល្ងាច នៅពិធី​ជប់លៀង​នៅថ្ងៃសៅរ៍នេះ បូករួមទាំងការ​ថតរូបជាមួយ​លោក ដូណាល់ ត្រាំ។ ​បន្ថែមពី​លើនេះ គូស្វាមីភរិយា​អាចចំណាយ​ប្រាក់ ១៥០,០០០ដុល្លារ ដើម្បីបានឱកាស​អង្គុយតុមូល​មួយ។ លោក ត្រាំ ធ្លាប់ត្រូវបាន​គេរាយការណ៍​ថា គ្រោងនឹងរៀបចំ​ពិធីជប់លៀងនេះ កាលពី​ខែវិច្ឆិកា​មកម្ល៉េះ ដើម្បីរំលឹក​ដល់ខួបមួយ​ឆ្នាំគត់ នៃការស្បថកាន់​តំណែងរបស់​លោក ក្រោយឈ្នះ​ក្នុងការឆ្នោត​ប្រធានាធិប​តីអាមេរិក កាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា បើតាម Bloomberg លោក​ ដូណាល់ ត្រាំ នឹងចាកចេញ​ទៅកាន់រម្មណីយដ្ឋាន Mar-a-Lago នៅព្រឹកថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីត្រៀមខ្លួន​ទទួលភ្ញៀវ​កិត្តិយសនានា ដែលនឹងមកចូលរួមកម្មវិធីជប់លៀង​ដ៏ឱឡារឹកខាងលើនេះ៕