(វ៉ាស៊ីនតោន)៖ ឈានចូល​ដល់ឆ្នាំ២០១៨​នេះ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានចំណាយពេល ២០ឆ្នាំ និងថវិកាចំនួន ១០០ពាន់​លានដុល្លារ ហើយ​ទៅលើស្ថានីយ​អវកាស​អន្តរជាតិ ISS ប៉ុន្តែនៅប៉ុន្មានឆ្នាំ​ខាងមុខទៀត បញ្ហារាំងស្ទះ​ដ៏ធំមួយ​ ទំនងមិនអាច​ជៀស​​​ផុត​ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Business Insider នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ​២០១៨។

បើតាមការផ្តល់​សក្ខីកម្មពីមន្រ្តីរដ្ឋាភិបាល​អាមេរិក នាសប្តាហ៍នេះ នាពេលអនាគត​ដ៏ខ្លីខាងមុខ អវកាសយានិក​ប្រហែលជាលែង​មាន​​មធ្យោបាយ ដើម្បីធ្វើដំណើរ​ឡើងទៅ និងចុះមកពី មន្ទីរពិសោធន៍​ទំហំប៉ុនទីលាន​បាល់ទាត់ ឬបាល់ឱប​មួយ ដែល​ស្ថិត​នៅ​លើ​​លំហ​អាកាស​នេះទៀតហើយ។

អង្គការ NASA បានចុះកុងត្រា​ជាមួយក្រុមហ៊ុនផលិត​យន្តហោះ Boeing និងក្រុមហ៊ុនអវកាស​ឯកជន SpaceX ដើម្បីអភិវឌ្ឍន៍​មធ្យោ​បាយថ្មី ដែលមាន​សុវត្ថិភាព និងធូរថ្លៃ​ជាងមុន សម្រាប់ជំនួស​ឲ្យកម្មវីធីយាន Space Shuttle របស់​ខ្លួន ដែលបានចូល​និវត្តន៍កាល​ពី​ខែកក្កដា ឆ្នាំ២០១១។ កិច្ចសន្យា​ដើមនាពេលនោះ បានតម្រូវឲ្យមានការដឹកជញ្ជូន​ក្រុមអវកាសយានិក​ទៅមកជាធម្មតា នៅចុងឆ្នាំ​២០១៧ ប៉ុន្តែដូចដែលយើង​បានឃើញ វាពុំបានកើត​មានឡើង​ឡើយ។

ដើម្បីបំពេញចន្លោះ​ខ្វះខាតនេះ ខណៈដែលក្រុម​ហ៊ុនទាំង០២ បន្តអភិវឌ្ឍន៍​យានអវកាសឲ្យខ្លួន អង្គការ NASA ក៏​បានទិញ​កៅអីធ្វើ​ដំណើរ​នៅលើយាន​អវកាស Soyuz របស់ប្រទេសរុស្ស៊ី​ជាបណ្តោះ​អាសន្ន។ ប៉ុន្តែការពន្យាពេល​ជាច្រើនលើក​របស់ Boeing និង SpaceX បានបង្ខំ​ឲ្យ NASA បន្តពឹងផ្អែក​ទៅលើយានអវកាស​របស់រុស្ស៊ី។ យ៉ាងណាមិញ សូម្បីតែ​ជម្រើសនេះ នាពេលឆាប់ៗ​​ខាង​មុខ ក៏ទំនងជានឹងពុំអាចអាស្រ័យ​បានទៀតនោះដែរ។

ថ្លែងនៅចំពោះមុខ​អនុគណៈកម្មាធិការ​ នៃគណៈកម្មាធិការ​វិទ្យាសាស្រ្ត អវកាស និងបច្ចេកវិទ្យា នៃសភាតំណាងរាស្រ្ត​អាមេរិក លោក William Gerstenmaier ដែលជាប្រធាន​ផ្នែកនៅទីភ្នាក់ងារ​អវកាស NASA បានឲ្យ​ដឹងថា សមត្ថភាព​របស់យាន Soyuz គឺ​អាចបន្តប្រើប្រាស់​រហូតដល់រដូវ​ស្លឹកឈើជ្រុះ (ចន្លោះខែមីនា និងខែឧសភា) នៃឆ្នាំ២០១៩ប៉ុណ្ណោះ។

ដូច្នេះមានន័យថា ប្រសិនបើដល់ចុង​ឆ្នាំ២០១៩ហើយ ក្រុមហ៊ុន Boeing នៅតែមិនទាន់​អាចបញ្ជាក់ពី​សុវត្ថិភាពពេញលេញ​ទាំង​ស្រុង នៃយានអវកាស CST-100 Starliner របស់ខ្លួន ឬក្រុមហ៊ុន SpaceX មិនអាចបញ្ជាក់ពី​​សុវត្ថិភាព​នៃយាន​ Dragon ទេនោះ ក្រុម​អវកាស​យានិក ប្រហែលជាពុំមាន​លទ្ធភាពអ្វីផ្សេង ដើម្បីឡើងទៅ​កាន់ស្ថានីយ ISS បានឡើយ ហើយសម្រាប់អំឡុង​ពេល​យូរ​ប៉ុណ្ណោះ ក៏​​ពុំមាននរណាម្នាក់​អាចកំណត់បាន​នោះដែរ។

គួរជម្រាបថា ស្ថានីយ ISS បច្ចុប្បន្ន​ត្រូវបានបញ្ចប់ការសាងសង់ រួចរាល់ជា​ស្ថាពរទាំងស្រុងហើយ និងស្ថិតក្នុងដំណាក់​កាលប្រតិបត្តិការ ​​ដ៏​ប្រសើរ​បំផុត​ថែមទៀត សម្រាប់ធ្វើការសិក្សា​ចំពោះឥទ្ធិពល​ នៃការធ្វើដំណើរក្នុង​ទីអវកាស ទៅលើរូបរាងកាយ​មនុស្ស ដែល​វា​ពិត​ជា​ល្អ​​​មែនទែន ដើម្បីជួយដល់ការ​​រស់រានមានជីវិត របស់ក្រុម​អវកាសយានិក នៅក្នុងបេសកកម្ម​ផ្សេងៗ នាពេលខាងមុខ ទៅកាន់​ឋាន​​ព្រះច័ន្ទ ភពអង្គារ (Mars) និងកន្លែងដទៃៗ​ទៀត៕ ​