(ប៊ែរឡាំង)៖ អាជា្ញធរអាល្លឺម៉ង់​បានឱ្យដឹងថា ខ្យល់ព្យុះហឺរីខិនឈ្មោះ ហ្វ្រីដឺរីក (Friederike) បានសម្លាប់​មនុស្ស ០៨នាក់ និងបង្កជាការ​ខូចខាតដល់​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​អាល្លឺម៉ង់ គិតជាទឹកប្រាក់​រាប់រយ​លានដុល្លារ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​អាល្លម៉ង់ ជនរងគ្រោះទាំង ០៨នាក់ នោះរួមមានទំាង​អ្នកពន្លត់អគ្គីភ័យ​ពីរនាក់ ត្រូវបាន​រាយការណ៍ថា បានស្លាប់​កាលពី​ថ្ងៃសុក្រ នៅក្នុងរដ្ឋ ណតរ៉ាញ (North-Rhine) វែសផាលៀ (Westphalia), សឺរីងហ្គា (Thuringia), សាហ្សូនី អានហាល (Saxony-Anhalt), ម៉េក្លេនប៊ឺហ្គ (Mecklenburg-Vorpommern) និង រដ្ឋ ប្រែនឌិនបឺហ្គ (Brandenburg) ខណៈមនុស្ស​​ជាច្រើននាក់​​បានរងរបួស ដោយសារ​​ដើមឈើ រំលំសង្កត់​​ជាដើម។

ចំណែកឯ​ក្រុមហ៊ុនធានារ៉ាប់​រងអាល្លឺម៉ង់ GDV ក៏បានវាយតម្លៃ​ដែរថា ខ្យល់ព្យុះ Friederike បានបង្ក​បំផ្លិចបំផ្លាញ និងបង្កជាការខូចខាត​គិតជាទឹកប្រាក់​ស្មើនឹង​ជាង ៥០០លានអឺរូ ឬ ៦១២លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា ក្រៅពីប្រទេស​អាល្លឺម៉ង់ខ្យល់ព្យុះ Friederike ដែលបក់បោក​ក្នុងល្បឿន ២០៣គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ក៏បានផ្ដាច់យកអាយុជីវិត​មនុស្ស និងបង្កជា​ការខូចខាត ធ្ងន់ធ្ងរផងដែរនៅប្រទេស​ប៊ែលហ្សិក និងហូឡង់៕