(សេអ៊ូល)៖ ប្រទេស កូរ៉េខាងជើង អាចនឹងត្រៀមរៀបចំការធ្វើព្យុហយាត្រានៅលើដែនដីរបស់ខ្លួនក្នុងពេលតែមួយ ស្របគ្នានឹងការប្រកួតកីឡាអូឡាំពិករដូវរងានាខែក្រោយនេះនៅប្រទេស កូរ៉េខាងត្បូង បើទោះបីជាប្រទេសទាំងពីរមានបំណងចង់រឹតចំណងមិត្តភាពជាមួយគ្នាក្តី នេះបើយោងតាមការលើកឡើងរបស់អ្នកវិភាគ និងមន្ត្រីទូតដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

មន្ត្រីទូតរបស់ប្រទេស លោកខាងកើតប្រចាំទីក្រុងព្យុងយ៉ាង បានបង្ហើបឱ្យដឹងថា មន្ត្រីការពារជាតិអន្តរជាតិមួយចំនួន ទទួលបានការអញ្ជើញឱ្យចូលរួមពិធីរំលឹកខួប៧០ឆ្នាំ នៃយោធាប្រជាជនកូរ៉េខាងជើងនៅថ្ងៃទី០៨ ខែកុម្ភៈ ខាងមុខ។

មិនតែប៉ុណ្ណោះ ក្នុងពេលថ្មីៗនេះ រូបភាពពីផ្កាយរណបបានបង្ហាញព័ត៌មានទាក់ទងនឹងសកម្មភាពយោធាកូរ៉េខាងជើង ដែលបានធ្វើព្យុហយាត្រាយោធានៅទីតាំងហ្វឹកហាត់ធ្វើព្យុហយាត្រារបស់ខ្លួន នេះបើយោងតាមការលើកឡើងរបស់លោក Scott LaFoy អ្នកវិភាគប្រចាំគេហទំព័រ NK Pro ដែលតែងតែធ្វើការអង្កេតតាមដានទៅលើប្រទស កូរ៉េខាងជើង៕