(រីយ៉ូ)៖ ទារិកាវ័យ ០៨ខែម្នាក់ បានបាត់បង់ជីវិត​គួរឲ្យសង្វេគបំផុត រួមទាំងមនុស្ស ១៥នាក់ ទៀតបាន​ទទួលរង​របួស នៅពេលដែល​រថយន្ត​មួយគ្រឿង បានបោះពួយ​សំដៅទៅបុកហ្វូង​មនុស្សយ៉ាងច្រើន​កុះករ នៅតំបន់ជាប់ឆ្នេរ​សមុទ្រ Copacabana ក្នុង​ទីក្រុង Rio de Janeiro ខណៈអាជ្ញាធរ​​ប្រេស៊ីល​បានឲ្យដឹងជាបឋមថា អ្នកបើកបរ​រថយន្ត​អាចមានជំងឺ​ឆ្កួតជ្រូក ហើយបាត់បង់​ការបញ្ជាគ្រប់គ្រង​លើយាន​ជំនិះ​របស់ខ្លួន ទើបបង្កជា​គ្រោះថ្នាក់​ខាង​លើនេះ។ នេះបើតាមការ​​ដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ​២០១៨។

រថយន្តខាងលើ បានបោះពួយ​ឡើងលើចិញ្ចើមផ្លូវនៃ​ឆ្នេរសមុទ្រ Copacabana ក្នុងទីក្រុងរីយ៉ូ (Rio de Janeiro) នាយប់ថ្ងៃព្រហស្ប​តិ៍​សប្តាហ៍នេះ (ពេលវេលា​នៅប្រេស៊ីល) ហើយអ្នកដំណើរ​ថ្មើរជើង ក៏ត្រូវបានបុក​ឲ្យដួល ខណៈ​អ្នក​បើកបរ​បានព្យាយាម​រត់​គេច​ខ្លួន ប៉ុន្តែត្រូវបាន​ឃាត់ជាប់។ បើតាមអាជ្ញាធរ​ប្រេស៊ីល មនុស្សយ៉ាងតិច ១៥នាក់ បានរងរបួស ធ្ងន់ និងស្រាល ហើយនៅក្នុងនោះមានទាំងកុមារ និង​​ជន​ពេញវ័យ ដែលពួកគេត្រូវបាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យហើយ

ដោយឡែក ទារិកាម្នាក់អាយុត្រឹម ០៨ខែ ប៉ុណ្ណោះឈ្មោះ Maria បាន​​​បាត់បង់ជីវិត ដោយសារតែ​របួសធ្ងន់ធ្ងរ និងវ័យក្មេងខ្ចីពេក ក្រោយពីត្រូវ​គេព្យាយាម​ជួយសង្រ្គោះ ដោយពុំបាន​ជោគជ័យ​ជាច្រើន​លើក។

គួរជម្រាបថា បើតាមប៉ូលិស​ប្រចាំតំបន់ អ្នកបើកបរ​រថយន្តស៊េរី Hyundai i30 ពណ៌ខ្មៅ​ខាងលើ បានបើកបំបុកចូល​ទៅក្នុងក្រុម​មនុស្ស ក្រោយពីសង្ស័យ​អាចមានអាការៈប្រកាច់​ឆ្កួតជ្រូក ហើយរថយន្ត​បានឈប់ស្ងៀម ក្រោយពីសម្រុក​ដល់ដីខ្សាច់​ ​នៃ​ឆ្នេរសមុទ្រដ៏ល្បីល្បាញ​លើពិភពលោកនេះ​ទៅហើយ។ អាជ្ញាធរ​ត្រូវបានគេរាយការណ៍​ថា បានរកឃើញប្រអប់​ថ្នាំពេទ្យមួយ នៅ​ក្នុងរថយន្ត ដែលបង្ហាញថា អ្នកបើកបរ​រូបនោះ​មាន​ជំងឺឆ្កួតជ្រូក។ យ៉ាងណាមិញ បុរសដែលជា​អ្នកបើកបរ ត្រូវបាននាំយក​ទៅ​​ធ្វើ​ការវិនិច្ឆ័យ​តាមបែបវិជ្ជសាស្រ្ត​ហើយ៕​