(វ៉ាស៊ីនតោន)៖ មន្រ្តីគណបក្សប្រជាធិបតេយ្យ​នៅសភាអាមេរិក បានព្រមាន​សេតវិមានថា សូម្បីតែការ​វាយប្រហារក្នុងទ្រង់ទ្រាយ​​តូច និង​​មាន​​ដែនកំណត់​មួយក៏ដោយ ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង វាទំនងជានឹង​ឈានទៅដល់ ការផ្ទុះសង្រ្គាម​ទ្រង់ទ្រាយធំ​ពេញ​ទំហឹង ដែលបង្កឲ្យមាន​មនុស្សរងគ្រោះ​ យ៉ាងច្រើន​ក្រាសក្រែល​បំផុត។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​សុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។

សម្តីព្រមាន​គួរឲ្យព្រឺឆ្អឹងខ្នង​ខាងលើនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីប្រមុខ​ការទូត​អាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) បាន​ប្រើសម្តី​​គំរាម​ពី​ការ​វាយ​ប្រហារ​ក្នុងលក្ខណៈ​បែបនេះ ទៅលើ​កូរ៉េខាងជើង ប្រសិនបើ​ទីក្រុង​ព្យុងយ៉ាង នៅតែមិនទម្លាក់​អាវុធនុយក្លេ​អ៊ែរ​របស់​ពួក​គេ​ចុះ។ ក្រុមមន្រ្តី​ខាងលើ បានថ្លែង​ប្រាប់ក្រុមអ្នក​សារព័ត៌មានថា «វាគ្មាននោះ​ឡើយការវាយប្រហារ​បែបនេះ... មិនថា​អ្នក​ប្រើប្រាស់​​​មីស៊ីល-នុយក្លេអ៊ែរ ឬក៏អត់ឡើយ អ្នកនឹង​ទទួលបាន ចំនួនជន​ស៊ីវិលក៏ដូចជាកងទ័ព​រងរបួស ព្រមទាំងបាត់​បង់ជីវិត​យ៉ាងរង្គាល​​ជាក់​​ជា​ពុំ​ខាន»

គួរជម្រាបថា ក្រៅពីកម្មវិធី​អាវុធនុយក្លេអ៊ែរ​ ដែលកំពុងវិវត្តន៍​ទៅមុខយ៉ាងឆាប់រហ័ស​របស់ខ្លួន កូរ៉េខាងជើង​ត្រូវគេជឿជាក់ថា មាន​​អាវុធ​ជីវសាស្រ្ត និងអាវុធគីមីចន្លោះ​ពី ២,៧០០តោន ទៅ ៥,៥០០តោន ហើយបើ​តាមការប៉ាន់​ស្មាន តាំងតែពីឆ្នាំ២០១១​មកម្ល៉េះនោះ ប្រទេស​កុម្មុយនិស្តឯកោមួយនេះ អាចមានឃ្លាំង​ស្តុកនៃអាវុធ​ដ៏គ្រោះថ្នាក់បែបនេះ ធំជាងគេ​លំដាប់ទីបី នៅលើ​ពិភពលោក។

លើសពីនេះទៀត កូរ៉េខាងជើង​ក៏មានសព្វាវុធធុន​ល្មមៗក្នុងចំនួន​យ៉ាងច្រើនទៀតផង ហើយអាវុធ​ទាំងនោះ​ ភាគច្រើន​ត្រូវបាន​ដាក់ពង្រាយជាស្រេច នៅក្បែរនឹង​ព្រំប្រទល់ជា​មួយប្រទេស​កូរ៉េខាងត្បូង។ ទោះបីជាការអះអាងនេះ មានភាពចម្រូង​ចម្រាស​ក៏ដោយ​ ប្រភពមួយ​ចំនួនពីយោធា​មានជំនឿ​ជឿជាក់ថា កងកាំភ្លើងធំ​របស់កូរ៉េខាងជើង មានសមត្ថភាព​វាយប្រហារ​យ៉ាង​ចាស់ដៃ ស្រោច​ទៅលើ​ទីក្រុង​​​សេអ៊ូល ដែលនៅមិន​ឆ្ងាយប៉ុន្មាន​ពីព្រំដែននៃប្រទេស​ទាំងពីរ មុនយោធា​អាមេរិក ឬក៏យោធា​កូរ៉េខាងត្បូង អាច​ត​ដៃ​​បានទៅទៀត ហើយ​សូមចាំថា មនុស្សប្រមាណ ២៥លាននាក់ ពោលគឺជិត​ពាក់កណ្តាលនៃ​ចំនួន​ប្រជាជន​សរុប នៃកូរ៉េខាងត្បូង​​ទាំងមូល កំពុងរស់នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញនោះ។

គួរបញ្ជាក់ផងដែរថា ការគំរាមវាយ​ប្រហារពីរដ្ឋមន្រ្តីការ​បរទេសអាមេរិក និងការព្រមាន​ពីលទ្ធផលនៃ​ការធ្វើយ៉ាងដូច្នោះ​ ដោយ​សមាជិក​សភាអាមេរិក បានកើត​មានឡើង ខណៈដែលបង​ប្អូនកូរ៉េទាំងពីរ គឺខាងជើង​ និងខាងត្បូង កំពុង​ស្តារ​ចំណង​​ទាក់​ទង​វិជ្ជ​មាន​រវាងគ្នា និងគ្នាឡើងវិញ តាមរយៈការ​បង្កើត​កិច្ចពិភាក្សា និងធ្វើ​កិច្ច​សហប្រតិបត្តិការ ជុំវិញ​ព្រឹត្តិ​ការណ៍​​កីឡា​អូឡាំ​ពិក រដូវ​រងារ​ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​លើ​ទឹកដី​កូរ៉េខាងត្បូង ចាប់​ពី​ខែកុម្ភៈ ដល់ខែមីនា៕