(ប៉េកាំង)៖ មន្ត្រីចិនបានបង្ហាញពីតួលេខ នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០១៧ បានបង្ហាញថា សេដ្ឋកិច្ចប្រទេសចិនមានកំណើនលឿនជាងឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន NHK ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

នេះជាលើកទីមួយហើយក្នុងរយៈពេល៧ឆ្នាំមកនេះ ដែលអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានកម្រិតខ្ពស់ជាងឆ្នាំចាស់។ មន្ត្រីប្រចាំការិយាល័យស្ថិតិជាតិបានបញ្ជាក់ថា GDP របស់ប្រទេសចិន មានចំនួន៦.៩ភាគរយ ដែលតួលេខនេះ បានកើនឡើងចំនួន០.២ភាគរយ បើធៀបនឹងឆ្នាំ២០១៦កន្លងទៅនេះ។

តួលេខនេះក៏មានកម្រិតខ្ពស់ជាងគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់រដ្ឋាភិបាលចិនផងដែរ ដែលបានគ្រោងទុកត្រឹមតែ៦.៥ភាគរយប៉ុណ្ណោះ៕