(ប៉េកាំង)៖ អាកាសចរណ៍ចិន China Eastern Airlines និង Hainan Airlines បានចាប់ផ្តើម​ការ​អនុញ្ញាតថ្មីមួយ នោះគឺអ្នកដំណើរ​ទាំងអស់ អាចប្រើប្រាស់​ទូរស័ព្ទដៃ-ស្មាតហ្វូន គ្រឿងអេឡិចត្រូនិក​ចល័តផ្សេងៗ ដើម្បីភ្ជាប់​ទៅកាន់ Wifi រួចលេងកម្សាន្តដោយ​សេរី អំឡុងពេល​យន្តហោះកំពុងដំណើរការ​ហោះហើរ ប៉ុន្តែគ្រឿង​អេឡិចត្រូនិក​ទាំងនោះ ត្រូវតែដាក់ Flight Mode ជាកំហិត (មុខងារបិទសេវាស៊ីមកាត ពេលហោះហើរ)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។

អាកាសចរណ៍​ខាងលើនេះ ក៏បានបន្ថែមទៀត​ផងដែរថា សេវា Wifi អាចរកបាន​នៅលើ​យន្តហោះចំនួន ៧៥គ្រឿង របស់អាកាសចរណ៍ China Eastern Airlines ដែលធ្វើ​ដំណើរទៅអន្តរជាតិ និង ១៦៦គ្រឿង ទៀតដែលធ្វើដំណើរនៅក្នុងស្រុក។ ដោយឡែក​សម្រាប់​អាកាសចរណ៍ Hainan Airlines វិញ គឺបានអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធ Wifi នៅលើ​ជើងហោះហើរ​របស់ខ្លួនចំនួន ១៧។

គួរបញ្ជាក់ថា អាកាសចរណ៍​របស់ចិនមួយ​ចំនួនទៀត ក៏កំពុងពិចារណា​អនុវត្តន៍​ការបើក​ទូលាយដូចខាងលើ​នេះដែរ ក្រោយពីរដ្ឋបាល​អាកាសចរណ៍ស៊ីវិល​ចិន CAAC ត្រូវបាន​ស្នើសុំឲ្យដក​បម្រាមនេះ​ចេញ កាលពីដើម​សប្តាហ៍នេះ។ សម្រាប់ការប្រើប្រាស់​​គ្រឿង​អេឡិច​ត្រូនិកចល័ត​គ្រប់ប្រភេទ គឺតែងតែត្រូវ​បានហាមឃាត់ នៅលើ​រាល់ជើងហោះហើរ​ទាំងអស់​នៅទូទាំង​សកលលោក ដោយយោង​លើកត្តាសុវត្ថិភាពជាចម្បង ជាពិសេសនៅ​អំឡុងពេល​នៃការ​ហោះឡើង និងចុះចតនៃយន្តហោះ​នីមួយៗ៕