(កាណាដា)៖ ស្រ្តីកាណាដាម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ ០៧ឆ្នាំ ពីបទសម្លាប់​មិត្តភក្តិរបស់ខ្លួន បន្ទាប់ពីប៉ូលិស​បានរកឃើញវត្ថុតាង​ប្រើប្រាស់ក្នុង​អំពើមនុស្ស ឃាតនេះនៅ​ក្នុងរូបភាពមួយសន្លឹករបស់​អ្នកទាំងពីរ​ ថតកាលពីមិត្តភក្តិនាងនៅរស់ ត្រូវបានបង្ហោះនៅលើ​បណ្តាញសង្គម Facebook។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។

ស្ត្រីឈ្មោះ ជេយ៉េនណេ រ៉ូស អាន់ស្ទ័ញ (Cheyenne Rose Antoine) មានអាយុ ២១ឆ្នាំ បានសារភាព​ពីទោសកំហុសកាលពី​ថ្ងៃចន្ទ​សប្តាហ៍នេះថា នាងពិតជាបានសម្លាប់​មិត្តរបស់ខ្លួន​ប្រាកដមែន គឺឈ្មោះ ប្រ៊ីតនី ហ្គាហ្គូល (Brittney Gargol) អាយុ ១៨ឆ្នាំ កាលពីខែមីនា ឆ្នាំ២០១៥។ នាង Gargol ត្រូវបានគេរក​ឃើញថា បានស្លាប់នៅក្បែរ​តំបន់ចាក់សំរាមមួយ​កន្លែង ស្ថិតនៅក្នុងទីក្រុង សាស្កាធូន (Saskatoon) នៃខេត្ត សាស្កាតជែវ៉ាន (Saskatchewan) ជាមួយនឹងខ្សែ ក្រវាត់របស់នាង Antoine នៅជិតសាកសព​របស់នាង។

ចំណែកឯនាង Antoine ត្រូវបានប៉ូលិស​កំណត់អត្តសញ្ញាណ​ជាជនសង្ស័យ ក្រោយនាង​បង្ហោះរូបភាព selfie នៃទាំងពីរ​នៅលើ Facebook ដោយបង្ហាញពី​ខ្សែក្រវាត់ដូច​ខាងលើ​មុននឹងនាង Gargol បានស្លាប់។

គួរបញ្ជាក់ថា ប៉ូលិសកាណាដា ពុំមានភស្ដុតាងគ្រប់គ្រាន់​បញ្ជាក់ពីរឿងហេតុ​នៃឃាតកម្មនេះ ខណៈនាង Antoine ខ្លួនឯងក៏បានអះអាង​ដែរថា ខ្លួនភ្លេចរឿងរ៉ាវ​ដែលបានកើតឡើង នោះទៅហើយ ពីព្រោះពេលនោះ​នាងនិងមិត្តភក្តិរបស់នាងបានផឹកស្រាស្រវឹង ហើយវា​ក៏អាចមានន័យថា ករណីឃាតកម្មនេះអាចត្រូវបានកើតឡើង ដោយអចេតនា ជាជាងត្រូវបានរៀបចំ​​គំរោងទុកជាមុន៕