(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់ថា សហរដ្ឋអាមេរិក កំពុងបណ្ដុះបណ្ដាល​កងកម្លាំងប្រយុទ្ធ​ផ្លូវរូងក្រោមដី ជាការត្រៀម​លក្ខណៈដើម្បី​ចូលឈ្លាន​ពានទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ តាមរយៈការ​ដកស្រង់ពីសារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែមករា វិទ្យុជាតិ​អាមេរិកបាន​ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន​កំពុងដឹកនាំ​ «សមយុទ្ធយោធាផ្លូវរូង​ក្រោមដី» ដោយមាន​ការចូលរួមពីកង​វរៈសេនាធំទី ៥ ឈរជើងនៅ​ភាគខាងជើង​ទីក្រុងសេអ៊ូល កាលពីខែធ្នូ ឆ្នាំ២០១៧​កន្លងទៅ។

KCNA បានបញ្ជាក់​បន្ថែមយ៉ាងដូច្នេះ​ថា «សហរដ្ឋអាមេរិក​កំពុងដឹកនាំ ការ​ធ្វើសមយុទ្ធ​យោធា​ស្រដៀងគ្នា នៅក្នុង​ឆ្នាំនេះ ក្រោមការចូលរួមពីកងទ័ព​មកពី​អង្គភាព Air-Borne Division ទី១០១ និងកង​កម្លាំង Air-Borne Division ទី៨២ ដែលសុទ្ធ​សឹង​តែធ្លាប់បាន​ចូលរួម ក្នុងសង្រ្គាមឈ្លាន​ពាន​អ៊ីរ៉ាក់»

គួរបញ្ជាក់ថា បើតាម KCNA កងកម្លាំង​អាមេរិក ក៏បានរៀបចំ​ផងដែរនូវបរិក្ខា​ទំនាក់ទំនង​ពិសេស វែនតាប្រយុទ្ធ​ពេលរាត្រី មីស៊ីល គ្រាប់បែក និងបរិក្ខាយោធា​ចាំបាច់ជាច្រើនទៀត ទុកសម្រាប់​ឆ្លង​កាត់ទន្លេ ដើម្បីធ្វើ​សង្រ្គាមផ្លូវរូង​ក្រោមដី ប្រឆាំងនឹង​កូរ៉េខាងជើង៕