(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី​បានព្រមានថា ខ្លួនមិនរារែកឡើយក្នុងការធ្វើសកម្មភាពនៅ​ក្នុងតំបន់ អាល់ហ្វ្រីន (Afrin)​ និងតំបន់ដទៃទៀត​នៃប្រទេសស៊ីរី រហូតទាល់តែ​​សហរដ្ឋអាមេរិក​បញ្ឈប់ការ គំាទ្រ​កងកម្លាំងឃើដ។ ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន បានច្រានចោល​រាល់ការចោទថា ខ្លួនមានផែនការ​បង្កើតកងកម្លាំងឃើដ​មួយនៅស៊ីរី ដោយអះអាងថា មនុស្សមួយ​ចំនួនបាន​និយាយ​ខុសពីការពិត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

កាលពីប៉ុន្មាន​ថ្ងៃមុននេះ ប្រធានាធិបតី​តួកគី លោក អឺដូហ្គាន់ (Erdogan) បានព្រមានម្ដង​ហើយម្ដងទៀត ពីការធ្វើសកម្មភាព​យោធា​នៅក្នុងតំបន់ Afrin ក្រោយលេច​លឺដំណឹងថា ទីក្រុង​វ៉ាស៊ីនតោន មានបំណង​ជួយដល់កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី (​SDF)​ ដឹកនាំក្រុម​ឧទ្ទាមឃើដ YPG បង្កើតកងកម្លាំង​ព្រំដែនមួយ​មាន​គ្នាជាង ៣០,០០០នាក់។ គំរោងនេះ​បានធ្វើ ឱ្យតួកគីអាក់អន់​ចិត្តជាខ្លាំង ត្បិតទីក្រុងអង់ការ៉ា​បានចាត់ទុកថា កងកម្លាំងឃើដ YGP គឺមានទំនាក់ទំនង​ជាមួយក្រុម​គណបក្សពលករ​ឃើដ PKK ដែលបាន​និងកំពុងដឹកនាំ​ការ ប្រយុទ្ធប្រឆាំងនឹង​កងកម្លាំងតួកគី នៅភាគអាគេ្នយ៍​នៃប្រទេសនេះ ចាប់តាំងពីឆ្នាំ១៩៨៤​មក។ ​

PKK ត្រូវបានតួកគី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកខ្លួន​ឯង​ហៅថា ជាក្រុមភេរវករ។ តែទោះជា​យ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ រិច ធីល្លឺសុន បានច្រានចោល​រាល់ការចោទប្រកាន់​ទាំងឡាយ​ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក គ្មានបំណង​បង្កើតកងកម្លាំង​ព្រំដែនស៊ីរី-​តួកគីនោះទេ ហើយថា​នេះគឺជារឿង​មិនពិត។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ​រដ្ឋមន្ត្រីការបរទេស​តួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) ក៏បាននិយាយ​ដែរថា រុស្ស៊ីមិនគួរជំទាស់នឹង​ប្រតិបត្តិការ​របស់ខ្លួននៅ​ក្នុងតំបន់ Afrin ហើយថា​នឹងធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយរុស្ស៊ី៕