​(វ៉ាស៊ីនតោន)៖ ចំនួនប្រជាជន​អាមេរិក ដែលមើលឃើញ​ពីភាពលម្អៀង​ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក បានកើនឡើង ២០ភាគរយ ក្នុងរយៈពេលជាង​បីទសវត្សរ៍​មកនេះ ហើយ ភាគច្រើនក្នុង​ចំណោមពួកគេ​ ថែមទាំងនិយាយដែរថា មិនអាចកំណត់​ពីសារព័ត៌មាន​ ដែលមានប្រភពច្បាស់លាស់​បាននោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

យោងតាមការស្ទង់មតិចេញផ្សាយដោយក្រុមហ៊ុនផ្នែកសិក្សាស្រាវជ្រាវ The Gallup ប្រជាជនអាមេរិក ៤៥ភាគរយ យល់ឃើញថា មានភាពលម្អៀងផ្នែកនយោបាយ​នៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយ​អាមេរិក ពោលគឺកើនឡើងពី ២៥ភាគរយ ក្នុងឆ្នាំ១៩៨៩ ដល់ ៣៧ភាគរយ ក្នុងឆ្នាំ២០១២។ ជាងនេះ​ទៅទៀត The Gallup ក៏បានបញ្ជាក់​ដែរថា ប្រជាជនអាមេរិក ៦៨ភាគរយ និយាយថា​ ប្រព័ន្ធផ្សព្វផ្សាយ​ធ្វើការងារ​មិនបានល្អ ហើយ ៤៤ភាគរយថា អាចកំណត់​ពីសារព័ត៌មាន​ ដែលមានប្រភពច្បាស់លាស់ ខណៈ ៥១ភាគរយ ថាពួកគេមិនអាច​កំណត់ថា សារព័ត៌មានណា​មួយមានប្រភព​ច្បាស់នោះឡើយ។

គួរបញ្ជាក់ថា លទ្ធផលស្ទង់​មតិខាងលើ​ត្រូវបានចេញផ្សាយ​កាលពីថ្ងៃពុធ ចំថ្ងៃដែល​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពី​ជ័យលាភី​ព័ត៌មានបោកប្រាស ឬ Fake News Awards ឆ្នាំ២០១៧ ដោយមាន​អ្នកសារព័ត៌មាន​មកពីប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកធំៗបី ជាប់ចំណាត់ថ្នាក់កំពូលរួមមាន New York Times ABC News និង CNN៕​