(អាមេរិក)៖ ផ្កាយដ៏សែនឆ្ងាយ​មួយដួង នៅក្នុង​ក្រុមផ្កាយ NGC 3201 ដែលកំពុងបង្ហាញ​អការៈដ៏ចម្លែក អាចនាំពួកយើង​​ព្យាយាមឆ្ពោះទៅ​រក​​ ការលាតត្រដាង​ពីអាថ៌កំបាំងមួយ។ តារាវិទូអន្តរជាតិ​មួយក្រុម មានការយល់​ឃើញថា វាបង្ហាញឥរិយាបថ​ដូច្នេះ គឺដោយសារតែ​ផ្កាយមួយនោះ កំពុងតែធ្វើដំណើរ​ជុំវិញប្រហោងខ្មៅ (Black Hole) ដ៏ធំមួយ មានម៉ាស់ស្មើ​នឹងម៉ាស់របស់ព្រះអាទិត្យ​ដល់ទៅបួន​ដង​។ នេះបើតាមការ​ដកស្រង់​ការផ្សាយចេញ​ពីវែបសាយ អវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ​២០១៨។

ក្រុមអ្នកវិទ្យា​សាស្ត្រខាងលើ បានប្រទះឃើញ​​ដួងតារានោះ ធ្វើដំណើរ​ទៅនិងមក នៅក្នុងល្បឿន​រាប់រយគីឡូម៉ែត្រ​ក្នុងម៉ោង នៅក្នុងវដ្តន៍​​សកម្មភាព​ដែលកើតមានឡើង​ជាដដែលៗ នារៀងរាល់រយៈពេល ១៦៧ថ្ងៃ។ ប្រធានក្រុម​ស្រាវស្រាវ លោក Benjamin Giesers បានឲ្យដឹងថា ផ្កាយមួយនោះ​កំពុងធ្វើគោចរ​ជុំវិញអ្វីម៉្យាង ដែលបំបាំងខ្លួន​ងងឹតសូន្យឈឹង​ពីក្រសែភ្នែក​របស់យើង និងមាន​ម៉ាស់​លើសពីម៉ាស់របស់ព្រះអាទិត្យ​ដល់ទៅជាង ០៤ដង ដែលវាពុំអាចជាអ្វីផ្សេងក្រៅតែពីប្រហោងខ្មៅឡើយ។

គួរជម្រាបថា មិនដូចប្រហោងខ្មៅ​សកម្មដទៃទៀត​ឡើយ ប្រហោងខ្មៅនៅ​ក្នុងប្រព័ន្ធផ្កាយនេះ ប្រសិនបើវាពិត​ជាមានវត្តមានមែន​នោះ មិនកំពុងស្រូប​យករូបធាតុ ឬក៏បញ្ចេញឧស្ម័ន​អ្វីនោះទេ។ ហេតុនេះហើយ ទើបវាពិតជាពិបាក​ក្នុងការត្រូវគេ​ប្រទះ​ឃើញ។ ខណៈផ្កាយ​មួយដួងនោះ មានម៉ាស់ប្រហាក់​ប្រហែលនឹង ០.៨ដង នៃម៉ាស់របស់ព្រះអាទិត្យ អ្នកវិទ្យាសាស្រ្ត​បានប៉ាន់​ប្រមាណ​ម៉ាស់របស់​ប្រហោងខ្មៅ​នោះថា ស្មើនឹង ៤.៣៦ដង នៃម៉ាសរបស់ព្រះអាទិត្យ ដោយផ្អែក​ទៅលើចលនា​របស់តារានោះ នៅជុំវិញ​​ប្រហោងខ្មៅ​បំបាំងកាយ។

បញ្ជាក់៖ កន្លងមកក្រុម​តារាវិទូ និងអ្នកវិទ្យាសាស្ត្រល្បីៗមួយចំនួន បានសន្និដ្ឋានថា ប្រហោងខ្មៅកើតចេញពី ​ការផ្ទុះ​នៃផ្កាយដ៏ធំមហិមា ដែលអាចមាន​ទំហំចាប់ពីប៉ុនព្រះអាទិត្យ ៣ ទៅ ៤ដងឡើងទៅ។ ការរីកមាឌ​នៃប្រហោងខ្មៅនិមួយៗ គឺដោយសារ​តែវា ធ្វើចលនាស្រូបយក​វត្ថុ​ផ្សេងដែលនៅជុំវិញវា (ចលនាស្រូបកម្ទេច)។ Black Hole ឬប្រហោងខ្មៅ ត្រូវបានចាត់ទុក​ជាព្យុះកំណាចក្នុងកាឡាក់ស៊ី ហើយ​ប្រហោងខ្មៅ​ដែលធំបំផុត នៅក្នុង​កាឡាក់ស៊ី Milky Way យើងនេះ គឺស្ថិតនៅចំ​កណ្តាល​ដើមទ្រូងកាឡាក់ស៊ី​តែម្តង៕